ភ្នំពេញ៖ របាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថាការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល នៅក្នុងឆ្នាំ២០២៤ បានចំនួន១.២៩២មូលដ្ឋាន។

របាយការណ៍ បានឱ្យដឹងថា ការចុះបញ្ជីថ្នាក់កណ្តាល បានចំនួន១៧មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំនួន៣៣៨មូលដ្ឋាន, តាមបណ្តាមន្ទីររាជធានី-ខេត្តចំនួន៨៣១មូលដ្ឋាន, និងចុះបញ្ជីនៅតាមរាជធានី-ខេត្ត/ក្រុងស្រុក/ខណ្ឌ បានចំនួន១០៦មូលដ្ឋាន), បានចេញវិញ្ញាបនបត្រដំណើរការចំនួន១.០៥២មូលដ្ឋាន, និងវិញ្ញាបនបត្របន្តចំនួន១.៣៣៨មូលដ្ឋាន ដែលបង្កើតបានការងារថ្មីចំនួន២៥.៨៣៣នាក់។
ទន្ទឹមនឹងនេះ ក៏មានសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្ម បានបិទចំនួន១.៩៥០មូលដ្ឋានផងដែរ ដែលការណ៍បានធ្វើឱ្យពលកម្មថយចុះចំនួន១៣.៥៧៦នាក់។
របាយការណ៍ បានឱ្យដឹងទៀតថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មបង្គរសរុបមានចំនួន៤៣.៩៧០មូលដ្ឋាន (សហគ្រិនស្ត្រី៨.៣២៥មូលដ្ឋាន) និងពលកម្មចំនួន៤៧៦.២២៣នាក់(ស្ត្រីជាង១៤ម៉ឺននាក់)។
លោក ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងបានកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យថ្មី និងតម្រង់ទិសថ្មី រួមជាមួយការបង្កើត និងកែសម្រួលក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រពាក់ព័ន្ធនានា ដើម្បីរួមចំណែកត្រៀមកម្ពុជាក្នុងដំណើរចាកចេញពីឋានៈ ជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ដោយជោគជ័យ៕
