ក្រុមហ៊ុនរបស់ អ្នកឧកញ៉ា សុខ គង់ ប្រកាសបង្ហាញពីការរីកចម្រើន នៃការចាក់បេតុងលើផ្លូវតភ្ជាប់ពីភ្នំបូកគោ ទៅកាន់ផ្លូវជាតិលេខ៤

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន សូគីមុិច អុិនវេសមិន គ្រុប កាលពីពេលថ្មីៗនេះ បានប្រកាសបង្ហាញអំពីការរីកចម្រើន នៃការចាក់បេតុងលើផ្លូវតភ្ជាប់ពីភ្នំបូកគោ ត្រង់ចំណុចព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ក្នុងតំបន់វាលស្រែ ៥០០ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមកទល់បច្ចុប្បន្ននេះ បានបញ្ចប់ការចាក់បេតុងបានប្រវែង ៨គីឡូម៉ែត្រហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន សូគីមុិច អុិនវេសមិន គ្រុប បានគូសបញ្ជាក់ដូច្នេះថា ក្រុមហ៊ុន មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មី។ ខ្សែផ្លូវថ្មីនេះ គឺជាផ្លូវមួយដ៏សំខាន់ដែលតភ្ជាប់ពីភ្នំបូកគោ នៅត្រង់ចំណុចទីតាំងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ ទៅកាន់ផ្លូវជាតិលេខ៤។ បច្ចុប្បន្នគម្រោងនេះបានបញ្ចប់ការចាក់បេតុងប្រវែង ៨គីឡូម៉ែត្ររួចរាល់ហើយ។ ជាលទ្ធផល ការសាងសង់ផ្លូវថ្មីនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកាន់ភ្នំបូកគោ។

ផ្លូវធ្វើដំណើរឡើងភ្នំបូកគោ ប្រវែង ៦១គីឡូម៉ែត្រ ដែលជាផ្លូវថ្មីត្រូវសាងសង់ពុះកាត់ភ្នំ ផ្ទាំងថ្មធំៗ អូរ និងជ្រោះធំៗជាច្រើន បានឆ្លងកាត់ចំការដូងប្រេង របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រវែង ១៥គីឡូម៉ែត្រ មានទទឹងផ្លូវសរុបប្រមាណ ២០ម៉ែត្រ ក្នុងនោះមានផ្លូវរថយន្ត ទៅមក ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក ៦ម៉ែត្រ និងចិញ្ចើមផ្លូវប្រវែង ៣,៥ម៉ែត្រ ទាំង សងខាង។

គួរបញ្ជាក់ថា ផ្លូវថ្មីនេះ បានបញ្ចប់ការឈូសឆាយ ១០០% ជាផ្លូវការ កាលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ និងបានចាប់ផ្តើមការចាក់បេតុង តាំងពីចុងឆ្នាំ២០២៣ និងបច្ចុប្បន្នកំពុងបន្តចាក់បេតុងយ៉ាងសកម្មបន្តទៀត។ តាមការបញ្ជាក់របស់ អ្នកឧកញ៉ា សុខ គង់ ផ្លូវថ្មីនេះគ្រោងចំណាយអស់ថវិកា ក្នុងរង្វង់ជាង ១៨០លានដុល្លារ៕