បណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញជាវាគ្មិនលើប្រធានបទមួយ ក្នុងសន្និបាតបូកសរុបប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

សង្គម​ និង​សេដ្ឋកិច្ច

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាវាគ្មិន ក្រោមប្រធានបទ៖ ការកសាងសហគ្រិនភាព និងសហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយយោងលើការចែករំលែកពី ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុន្នីន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកសហគ្រិនខ្មែរ ក្រោមប្រធានបទ៖ ការកសាងសហគ្រិនភាព និងសហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) និងមានការអញ្ជើញចូលរួមជាវាគ្មិនពី ឯកឧត្តម និងលោកជំទាវតំណាងក្រសួង-ស្ថាប័នផ្សេងគ្នា និង លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ ID Investors Association (IDI) និងជាប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ IEL ជាតំណាងពីវិស័យឯកជន។

ក្នុងនាមជាវាគ្មិនមួយរូប លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានចែករំលែកពីលទ្ធផលការងាររបស់សមាគម IDI និង ក្រុមហ៊ុន ID Capital Plc. (IDC) ដែលបានចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីវិនិយោគនៅកម្ពុជា ផ្សាភ្ជាប់ជាមួយ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលសហគ្រិនខ្មែរ (KE) បាន និងកំពុងកសាង តាមរយៈសកម្មភាពជាច្រើន ជាពិសេស ១.ការរៀបចំកម្មវិធី IDI Investment RoadShow ជារៀងរាល់ ២ខែម្ដង ដើម្បីចែករំលែកចំណេះដឹង ពាណិជ្ជកម្ម និងវិនិយោគ ដែលមានការចូលរួមពីសំណាក់ក្រសួង-ស្ថាប័ន សមាគម ក្រុមហ៊ុនឯកជន និងវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនប្រចាំក្នុងអំឡុងជាង ១ឆ្នាំកន្លងទៅនេះ។ ២.ការបង្កើតអនុគណៈកម្មាធិការចំនួន ១៤ ដែលផ្តល់ជាវេទិកាប្រឹក្សាយោបល់ណែនាំ (Mentorship) ពីអ្នកក្នុងវិស័យដូចគ្នា និងការចែកធនធានប្រើប្រាស់ (Leverage Resources) និង ៣.ការបង្កើតយន្តការអនុវត្តន៍គម្រោងវិនិយោគជាការប្រមូលផ្តុំ និងប្រើប្រាស់បង្គុំធនធានមនុស្ស ហរិញ្ញវត្ថុ អចលនទ្រព្យ បច្ចេកទេស កម្មន្តសាល/កែច្នៃ និង ទីផ្សារក្នុង និងក្រៅប្រទេស។

ក្នុងឱកាសនោះ លោកបណ្ឌិតក៏បានស្នើសុំឲ្យរាជរដ្ឋាភិបាលមេត្តាយកចិត្តទុកដាក់បន្ថែមលើ ១.ការផ្សាភ្ជាប់ឲ្យកាន់តែមានប្រសិទ្ធភាពរវាងតួអង្គទាំង២ គឺ IDI ប្រព័ន្ធអេកូឡូស៊ីវិនិយោគ និងសហគ្រិនខ្មែរ (KE) ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព, ២.ការជួយទ្រទ្រង់បន្ថែមខាងហិរញ្ញវត្ថុទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានអត្រាការប្រាក់ទាប ៣.ការចងក្រងបែប Cluster កម្រិតផលិតផលមានសក្តានុពលនីមួយៗ និង Cluster តាមជំនាញអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធសំដៅទទួលបានទទួលការវិនិយោគឲ្យកាន់តែមានប្រសិទ្ធផល និងចំគោលដៅនៃសង្វាក់ផលិតកម្ម ជាពិសេសសម្រាប់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មដែលកំពុងមានភាពទាក់ទាញខ្លាំង និង ៤.ការចងក្រង និងផ្តល់ព័ត៌មានជាបណ្តុំ Hub មួយ ពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលទាំងអស់ សំដៅកាត់បន្ថយព័ត៌មានអសមប្បមាណ Information Assymatry ងាយស្រួលឲ្យវិស័យឯកជនទទួលបាននូវព័ត៌មានពីក្រសួង-ស្ថាប័នណាខ្លះ ដែលកំពុងអនុវត្តន៍គម្រោងអ្វីខ្លះ ដើម្បីបង្កើតមានប្រសិទ្ធភាពចំណាយ និងល្បឿននៃការទទួលព័ត៌មានក្នុងការធ្វើការសម្រេចចិត្ត។

ជាចុងក្រោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ក្នុងនាមជាតួអង្គក្នុងវិស័យឯកជនមួយរូប ក៏បានថ្លែងអំណរគុណ និងអបអរសាទរយ៉ាងក្រៃលែង ចំពោះសមទ្ធផលដ៏ថ្លៃថ្លាជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រាប់វិស័យឯកជន ប្រជាជនទូទៅ និងសង្គមជាតិ ជាពិសេសតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, សហគ្រិនខ្មែរ និងគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកបណ្ឌិតប្តេជ្ញាបន្តដឹកនាំយន្តការផ្សេងៗចូលរួមកាន់តែសកម្មបន្ថែមទៀត ដើម្បីសម្រេចគោលបំណងរបស់កម្ពុជាក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខាងមុខ៕