គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបានជាង ៨៨% ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨  សម្រេចវឌ្ឍនភាពបាន ៨៨,៤៥% ហើយ ខណៈគម្រោងនេះគ្រោងនឹងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅក្នុងដំណើរចុះពិនិត្យទីតាំងសាងសង់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ប្រព័ន្ធលូរំដោះទឹកភ្លៀងបង្ការទឹកជំនន់លិចផ្លូវ ការងារការពារជម្រាលផ្លូវ ការងារសាងសង់ផ្លូវ និងសួនបែងចែកទ្រូងផ្លូវនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ និងទីតាំងគ្រោងសាងសង់ស្ពានកោះកុងថ្មី (គម្រោងជំហាន២ ) ដឹកនាំដោយលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង កាលពីថ្ងៃទិ២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

បន្ទាប់ពីការចុះត្រួតពិនិត្យនេះរួច លោករដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិនិត្យរួមគ្នាលើកទី៦ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រចាំទីក្រុងភ្នំពេញ នៃធនាគារនីហរ័ណ-អាហរ័ណកូរ៉េ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានានៃការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនការងាររបស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅចុងខែមេសាឆ្នាំ២០២៥ ខាងមុខតាមកិច្ចសន្យា មុនរដូវភ្លៀងចូលមកដល់។

សូមជម្រាបជូនថា  គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨,០៣៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបើកការដ្ឋានសាងសង់កាលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ។

បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

ខ្សែផ្លូវនេះក៏ដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕