ធនាគារ វីង ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានទទួលការអនុម័តជាផ្លូវការ ពីធនាគារជាតិ នៃកម្ពុជា ក្នុងការបន្ថែមដើមទុនចំនួន៨៨លានដុល្លារ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានឱ្យដឹង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះថា ការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ គឺរួមមាន៦០លានដុល្លារជាដើមទុនស្នូល និង២៨លានដុល្លារជាដើមទុនថ្នាក់ទី២ ដែលនេះបានគូសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំរបស់ធនាគារក្នុងការពង្រឹងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ និងគាំទ្រដល់កំណើនអាជីវកម្មរបស់ខ្លួន។
អ្នកឧកញ៉ា បានបន្ថែមថា ការបន្ថែមដើមទុននេះក៏នឹងអនុញ្ញាតឱ្យធនាគារ វីង ពង្រីកវិសាលភាពផ្តល់ប្រាក់កម្ចី ដែលនឹងជួយលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម សាជីវកម្មនានា និងអតិថិជនទូទៅ ដើម្បីរួមចំណែកបម្រើសហគមន៍ឱ្យកាន់តែប្រសើរ។ ក្រុមហ៊ុនជឿជាក់ថា ការបន្ថែមដើមទុននេះ នឹងធ្វើឱ្យហិរញ្ញវត្ថុកាន់តែរឹងមាំ ក្នុងនាមជាដៃគូផ្តល់សេវាកម្មហិរញ្ញវត្ថុគួរជាទីទុកចិត្ត និងបានគិតគូរវែងឆ្ងាយដើម្បីជួយអតិថិជនទូទៅ និងម្ចាស់អាជីវកម្មនានា។ កំណើនសេដ្ឋកិច្ច និងទស្សនវិស័យប្រកបដោយសុទិដ្ឋិនិយមសម្រាប់អនាគត គឺជាកត្តាសំខាន់ក្នុងការសម្រេចចិត្តរបស់យើងក្នុងការផ្តួចផ្តើមបន្ថែមទុននេះ។
ក្រៅពីការពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ធនាគារ ការបន្ថែមដើមទុននេះ ក៏នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ទៅដល់សហគមន៍មូលដ្ឋាន ដោយអនុញ្ញាតឱ្យធនាគារ វីង ពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនទៅកាន់តំបន់ដែលខ្វះខាត។ មិនថាអតិថិជនទូទៅ ឬក៏ម្ចាស់អាជីវកម្មជាច្រើននឹងមានលទ្ធភាពវិនិយោគលើអនាគតរបស់ពួកគេ ជាមួយនឹងភាពងាយស្រួលក្នុងការប្រើប្រាស់សេវាឥណទាន សេវាហិរញ្ញវត្ថុបែបឌីជីថល និងប្រព័ន្ធធនាគារ វីង ដែលនឹងជួយលើកកម្ពស់បរិយាបន្ន និងចំណេះដឹងហិរញ្ញវត្ថុបានកាន់តែប្រសើរជាបន្តបន្ទាប់នៅទូទាំងប្រទេស។
សូមជម្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក ត្រូវបានបង្កើតឡើងចាប់ពីឆ្នាំ២០០៨ និងបានក្លាយជាធនាគារសម្រាប់ប្រជាជនកម្ពុជា ដែលបានធ្វើទំនើបកម្មទៅលើមធ្យោបាយសម្រាប់ប្រជាជនកម្ពុជាអាចទទួលបានសេវាហិរញ្ញវត្ថុ និងបានក្លាយទៅជាធនាគារពាណិជ្ជដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុ ដែលទទួលបានការជឿទុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា៕





