គណៈប្រតិភូប្រទេសដាណឺម៉ាក ដឹកនាំដោយ ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំកម្ពុជា បានមកជួបពិភាក្សាការងាជុំវិញវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីសក្តានុពលពីវិសាលភាពកំពង់ផែទឹកជ្រៅរបស់កម្ពុជា។

នេះបើយោងតាមជំនួបរវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Danny Annan ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្នុងរាជធានីបាងកក ប្រទេសថៃ កាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
កិច្ចពិភាក្សានេះ គឺដើម្បីដឹងអំពី គោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដោយផ្តោតជាពិសេសលើការស្វែងយល់អំពី សក្តានុពលនៃការអភិវឌ្ឍពង្រីកសមត្ថភាព និងវិសាលភាពកំពង់ផែទឹកជ្រៅរបស់កម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីភាពរីកចម្រើនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ព្រមទាំងការពង្រីកសមត្ថភាព និងវិសាលភាពរបស់កំពង់ផែនៅតាមបណ្តាខេត្តជាប់សមុទ្រ មានជាអាទិ៍ ខេត្តព្រះសីហនុ កំពត និងកោះកុង ដែលទាំងអស់នោះបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ពីប្រមុខរាជរដ្ឋាភិបាល។ បន្ថែមពីនេះ លោកក៏បានរំលេចអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចូលរួមលើកកម្ពស់ភាពប្រទាក់ក្រឡាក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែមានភាពសម្បូរបែប និងមានភាពប្រកួតប្រជែងខ្ពស់។

ជាការឆ្លើយតប តំណាងប្រតិភូដាណឺម៉ាក ដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែ ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យទាំងនេះ ជាមួយនឹងសមិទ្ធផលជារូបវ័ន្តដែលកើនឡើងគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។ តាមរយៈព័ត៌មានយ៉ាងក្បោះក្បាយក្នុងជំនួបពិភាក្សានេះដែរ គណៈប្រតិភូដាណឺម៉ាក អះអាងថា នឹងនាំយកជាមូលដ្ឋានបន្ថែមក្នុងការវិភាគ ពិនិត្យលទ្ធភាព មុននឹងឈានដល់ការសម្រេចចិត្តវិនិយោគក្នុងផ្នែកណាមួយនាពេលខាងមុខ។
សូមជម្រាប់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើនេះដែរ កម្ពុជា-ដាណឺម៉ាក ក៏បានប្តេជ្ញារួមគ្នា ពង្រឹង និងពង្រីកចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕អត្ថបទ៖ហ្សាលីន
