អ្នកឧកញ៉ា លាង ពៅ (ភីធើរ) ប្រធានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន, សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងជាស្ថាបនិក Rev Up Cambodia បានប្រកាសថានឹងរៀបចំព្រឹត្តិការណ៍ Sunday Drive នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ បន្ទាប់ពីបានបំបែកកំណត់ត្រាពិភពលោក Guinness World Record កាលពី ៤ខែមុន។

នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) បានលើកឡើងថា អស់រយៈកាលជាង ៤ខែ មកហើយ ដែលពួកយើងបានបំបែកកំណត់ត្រាពិភពលោក Guinness World Record សម្រាប់ការតាំងរថយន្តប្រណិតច្រើនជាងគេបង្អស់នៅមុខប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យរបស់យើងទាំងអស់គ្នា។
ក្នុងនាមជាកូនខ្មែរមួយរូប អ្នកឧកញ៉ាពិតជាមានមោទនភាព ដែលបានចូលរួមដឹកនាំឲ្យមានព្រឹត្តិការណ៍នេះកើតឡើង ហើយអ្នកឧកញ៉ាក៏សូមអរគុណដល់ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធទាំងអស់ ក៏ដូចជាបងប្អូនទាំងអស់គ្នា ដែលបានចូលរួមសាមគ្គីជាធ្លុងមួយ ដើម្បីបង្កើតនូវទស្សនីយភាពដ៏កម្រមួយនេះនៅក្នុងទឹកដីអច្ឆរិយៈ។
ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) និងគ្រួសារ Rev Up Cambodia សូមប្រកាសថា នឹងបន្តចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឲ្យបានកាន់តែទូលំទូលាយនៅក្នុងស្រុក ក៏ដូចជាទៅដល់ឆាកអន្តរជាតិផងដែរ ជាមួយកម្មវិធីផ្សេងៗជាបន្តបន្ទាប់ ដូចជា ព្រឹត្តិការណ៍ Sunday Drive ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះជាដើម៕



