លោក ត្រាំ គ្រោងដាក់លក់សញ្ជាតិអាមេរិក ក្នុងតម្លៃ ៥លានដុល្លារ សម្រាប់ជនបរទេស

អន្តរជាតិ

សហរដ្ឋអាមេរិក អាចនឹងចាប់ផ្តើមដាក់ចេញកម្មវិធីទិដ្ឋាការថ្មីមួយដែលមានឈ្មោះថា “បណ្ណមាស”​ ឬ “Golden card” ដោយនឹងត្រូវដាក់លក់ក្នុងតម្លៃ ៥លានដុល្លារ ដើម្បីជាការបើកផ្លូវថ្មីមួយសម្រាប់ជនអន្តោប្រវេសន៍ដែលចង់បានសញ្ជាតិអាមេរិក ដោយស្របច្បាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅឯការិយាល័យ Oval កាលពីថ្ងៃទី២៥ ខែកុម្ភ:កន្លងទៅថា ៖” យើងនឹងចាប់ផ្តើមដាក់លក់បណ្ណមាស។​ យើងធ្លាប់មានបណ្ណបៃតងរួចហើយ ខណ:ឥឡូវនេះយើងនឹងចាប់ផ្តើមលក់បណ្ណមាសម្តង។ យើងនឹងដាក់លក់វាក្នុងតម្លៃ ៥លានដុល្លារ ហើយបណ្ណមាសនេះ នឹងផ្តល់អត្ថប្រយោជន៍ដូចគ្នាទៅនឹងបណ្ណបៃតងនាពេលបច្ចុប្បន្ននេះដែរ ក្នុងការទទួលបានសញ្ជាតិអាមេរិកដោយស្របច្បាប់”។

លោក ត្រាំ បាននិយាយទៀតថា កម្មវិធីដាក់លក់បណ្ណមាសថ្មីនេះ អាចនឹងត្រូវចាប់ផ្តើម ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ហើយលោកក៏បានសង្កត់ធ្ងន់ផងដែរថា រដ្ឋបាលរបស់លោកមិនចាំបាច់ត្រូវការការអនុម័តពីសភានោះទេ។ តែទោះជាយ៉ាងណា ជុំវិញវិសាលភាព​ពិតប្រាកដ​នៃ​ផែនការ និង​របៀប​ដែលផែនការថ្មីនេះនឹង​ត្រូវ​បាន​អនុវត្ត​បែបណា ហាក់នៅ​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ​។

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick
បាននិយាយថា កម្មវិធីថ្មីនេះ អាចជំនួសទិដ្ឋាការ EB-5 បច្ចុប្បន្នបាន ដែលអនុញ្ញាតឲ្យជនបរទេសទទួលបានសញ្ជាតិអាមេរិក ដោយពុំចាំបាច់ត្រូវធ្វើការវិនិយោគក្នុងចំនួនទឹកប្រាក់ជាក់លាក់ណាមួយ ក្នុងអាជីវកម្មនៅសហរដ្ឋអាមេរិក ឡើយ។

ជាមួយគ្នានេះ នៅពេលត្រូវបានគេសួរថា តើជនបរទេសចាំបាច់ត្រូវវិនិយោគក្នុងចំនួនទឹកប្រាក់ជាក់លាក់ដើម្បីអាចមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ទទួលបានបណ្ណមាសថ្មីនេះដែរឬទេ ខណ:រដ្ឋមន្ត្រី លោក Lutnick បានគូសបញ្ជាក់វិញយ៉ាងច្បាស់ថា ពិតជាបាន ដោយបន្ថែមទៀតថា ជុំវិញការទិញបណ្ណមាសនេះ ពួកគេអាចយកទឹកប្រាក់ទៅបង់ឲ្យរដ្ឋាភិបាលដោយផ្ទាល់បាន៕