ទីបំផុត Apple និងឥណ្ឌូណេស៊ី ព្រមព្រៀងគ្នាលុបចោលការហាមឃាត់លក់ទូរស័ព្ទ iPhone 16

អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូណេស៊ី និងក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានឈានដល់ការព្រមព្រៀងគ្នាលើលក្ខខណ្ឌថ្មីមួយ ដើម្បីលុបចោលច្បាប់ហាមឃាត់ជុំវិញការលក់ទូរស័ព្ទ iPhone 16 នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងផងដែរថា កន្លងមកប្រទេសឥណ្ឌូណេស៊ី បានហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 នៅក្នុងប្រទេសខ្លួន ចាប់តាំងពីខែតុលា ឆ្នាំ២០២៤ មក បន្ទាប់ពីក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក Apple មិនបានបំពេញតាមតម្រូវការស្មាតហ្វូនដែលលក់នៅក្នុងស្រុក ពោលគឺក្រុមហ៊ុនបរទេសចាំបាច់ត្រូវប្រើប្រាស់យ៉ាងហោចណាស់ ៣៥% នៃគ្រឿងបន្លាស់ដែលផលិតនៅក្នុងស្រុក។

យ៉ាងណាមិញ ចាប់តាំងពីពេលនោះមក រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ក្រុមហ៊ុន Apple គ្រោងនឹងវិនិយោគទឹកប្រាក់ក្នុងចំនួនដល់ទៅ ១ពាន់លានដុល្លារ នៅក្នុងរោងចក្រដែលផលិតគ្រឿងបន្លាស់សម្រាប់ស្មាតហ្វូន និងផលិតផលផ្សេងទៀត ដើម្បីអាចលុបចោលការហាមឃាត់នេះ។

មិនតែប៉ុណ្ណោះ របាយការណ៍ពីប្រភពដដែល បាននិយាយទៀតថា ក្រៅពីការវិនិយោគនេះ ក្រុមហ៊ុន Apple នឹងប្តេជ្ញាបណ្តុះបណ្តាលពលរដ្ឋក្នុងស្រុក ក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍លើផលិតផលរបស់ខ្លួន ដោយវានឹងធ្វើឡើងតាមរយៈកម្មវិធីផ្សេងៗ ក្រៅពីសាលា Apple ដែលមានស្រាប់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខាងក្រុមហ៊ុន Apple ហាក់នៅមិនទាន់មានគម្រោងភ្លាមៗ ក្នុងការចាប់ផ្តើមផលិតទូរស័ព្ទ iPhone របស់ខ្លួន នៅក្នុងប្រទេសនេះ នៅឡើយទេ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Apple និងក្រសួងឧស្សាហកម្មរបស់ឥណ្ឌូណេស៊ីដែលជាអ្នកទទួលភារកិច្ចអនុវត្តការហាមឃាត់នេះ ហាក់នៅមិនទាន់មានការឆ្លើយតបភ្លាមៗ ចំពោះសំណើឲ្យសុំការអធិប្បាយពីសារព័ត៌មាន Reuters ជុំវិញព័ត៌មានលម្អិតណាមួយពាក់ព័ន្ធទៅនឹងការព្រមព្រៀងលុបចោលការហាមឃាត់នេះ នៅឡើយនោះទេ៕