លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានរៀបចំពិធីសម្ពោធទីស្នាក់ការថ្មីរបស់សមាគមសិល្បករខ្មែរ

ជុំវិញ​ឧកញ៉ា

នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំរៀបចំកម្មវិធីសម្ពោធការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីរដ្ឋមន្រ្តី អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងសិល្បករ សិល្បការិនីចាស់ថ្មី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា សមាគមសិល្បករខ្មែរកំពុងកែប្រែខ្លួនឱ្យក្លាយជាតួអង្គសំខាន់ ចូលរួមចំណែក និងសកម្មជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្ស ថែរក្សា និងអភិវឌ្ឍន៍វិស័យសិល្បៈ ពិសេសរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកជំទាវអ្នកឧកញ៉ាបន្តថា មកដល់ពេលនេះ សមាគមសិល្បករខ្មែរ សមាគមសិល្បករខ្មែរ អាណត្តិទី៦ មានអាយុកាលជិត១០ខែហើយ ក្រោយពេលដែលរូបលោកជំទាវមានកិត្តិយសបានជាប់ជាប្រធានសមាគមសិល្បករខ្មែរតាមរយៈការបោះឆ្នោត កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ជាការពិត ក្នុងរយៈពេលដ៏ខ្លីនេះ យើងបានរួមគ្នាបំពេញកិច្ចការងារជាច្រើន ទាំងកិច្ចការងារសប្បុរសធម៌ អភិរក្ស អភិវឌ្ឍក្នុងវិស័យសិល្បៈ និងចូលរួមកិច្ចការងារសង្គម។

ជាមួយគ្នានេះផងដែរ សមាគមសិល្បករខ្មែរក៏កំពុងព្យាយាមសម្រេចឱ្យបានឆន្ទៈ ក្នុងការប្តេជ្ញាចិត្តក្នុងការជួយជំរុញ លើកស្ទួយ និងអភិវឌ្ឍវិស័យសិល្បៈ វប្បធម៌ខ្មែរដ៏ល្អផូរផង់ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងនៅឆាកជាតិ និងអន្តរជាតិ។

បើតាមលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ក្នុងរយៈពេលជិត១០ខែនេះ សមាគមបាននិងកំពុងបន្តសកម្មភាពជាច្រើនដូចជា ១,បានចុះឈ្មោះសិល្បករចំនួន ៧៣០នាក់ ជាសមាជិក និងបន្តចុះឈ្មោះបន្ថែម ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ជាក់ស្តែង ២,ដាក់ចេញនូវផែនការសកម្មភាពជាលក្ខណៈយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៥ ក្នុងអាណត្តិទី៦ ៣,បន្តកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីស្វែងរកជំនួយសប្បុរសសម្រាប់លើកស្ទួយដល់សិល្បៈវប្បធម៌ខ្មែរ ៤,ជំរុញសកម្មភាពឧស្សាហកម្មវប្បធម៌សិល្បៈ តាមរយៈការបង្កើតស្នាដៃ ផលិតកម្មសិល្បៈគ្រប់ទម្រង់ក្នុងគោលបំណងផ្តល់ឱកាសការងារជូនសិល្បករ អ្នកនិពន្ធ និងអ្នកពាក់ព័ន្ធ ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដើម្បីពង្រីកនូវការផ្សព្វផ្សាយអំពីវប្បធម៌ទេសចរណ៍កម្ពុជា ៥,ធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ គណៈកម្មការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធដទៃទៀត ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ក្រមសីលធម៌សង្គម និងជាឧត្តមប្រយោជន៍ដល់សិល្បករ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជាយើង។

សូមជម្រាបជូនថា ការិយាល័យថ្មីរបស់សមាគមសិល្បករខ្មែរ ដែលបានរៀបចំពិធីសូត្រមន្ត និងកាត់ខ្សែបូសម្ពោធនេះមានទីតាំងស្ថិតនៅផ្ទះលេខ៣៩ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕