លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ក្ដីរំពឹងថា នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរចន្លោះពី ៧.២ ទៅ៧.៥លាននាក់។ ការដាក់ក្ដីរំពឹងនេះ ធ្វើឡើងនៅក្នុងឱកាសនៃពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វា (OCIC)។

នាឱកាសនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ឱ្យដឹង នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិបានជាង ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងទេសចរជាតិប្រមាណ ២២,៥លាននាក់ កើនឡើងជាង២០% រួមជាមួយចំណូលទេសចរណ៍បានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាប្រមាណ ៣,៦ពាន់លានដុល្លាអាម៉េរិក។
ជាមួយនឹងកំណើនភ្ញៀវទេសចរជាតិ អន្ដរជាតិគួរទីមោទននេះ លោករដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានដាក់ក្ដីរំពឹងទុកថា ចំនួនភ្ញៀវទេសចរអន្ដរជាតិនឹងកើនឡើងប្រមាណ ៧.២ ទៅ៧.៥លាននាក់ នៅក្នុងឆ្នាំ២០២៥នេះ។
លោករដ្ឋមន្រ្ដីបានគូសបញ្ជាក់ផងដែរថា ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យឯកជនឱ្យកាន់តែរស់រវើកតាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ, ចំណូល និងចលករជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់៕




