ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ ទុនវិនិយោគសរុបមានជាង២០.៤៥៦លានដុល្លារអាមេរិក ដោយមានការកើនឡើងចំនួនជាង ១.៨៩០លានដុល្លារ ស្មើនឹង១០,១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។នេះបើតាម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

របាយការណ៍ចេញផ្សាយនៅក្នុងសន្និបាតបូកសរុបការងារក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារក្នុងឆ្នាំ២០២៥ បានបញ្ជាក់ថា ទុនវិនិយោគក្នុងស្រុក មានចំនួន៣.៩៦១,៧លានដុល្លារ ស្មើនឹង១៩,៣៧ភាគរយ នៃទុនវិនិយោគសរុប គ្រាដែលតម្លៃបរិមាណផលិតផលសរុបអនុវត្តក្នុងឆ្នាំ២០២៤ សរុបមានចំនួនជាង១៥.១៤៩លានដុល្លារ មានការថយចុះចំនួនជាង១.២១៥លានដុល្លារ ស្មើនឹង៧,៤៣ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។
របាយការណ៍ បន្តថា តម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួន៣.៨៩១ លានដុល្លារ មានការថយចុះចំនួន២៣៣លានដុល្លារអាមេរិក ស្មើនឹង៥,៦៥ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងសម្រាប់ធ្វើការនាំចេញ មានចំនួន១១.២៥៨ លានដុល្លារ មានការថយចុះចំនួន៩៨២លានដុល្លារ ស្មើនឹង៨,០៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕
