ទីបំផុត ឥណ្ឌូណេស៊ី បើកដំណើរការធនាគារមាសដំបូងបង្អស់នៅក្នុងប្រទេស

អន្តរជាតិ

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានចាប់ផ្តើមបើកដំណើរការធនាគារមាស ចំនួនពីរកាលពីថ្ងៃពុធ ទី២៦ ខែកុម្ភ:កន្លងទៅ ដើម្បីផ្តល់សេវាកម្មដាក់សន្សំមាស ក្នុងគោលបំណងបង្កើនទុនបម្រុងមាសបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឥណ្ឌូណេស៊ី ត្រូវបានចាត់ទុកថាជាប្រទេសផលិតមាសដ៏ធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែទោះជាយ៉ាងណាលោក Prabowo បាននិយាយថា ការជីកយករ៉ែមាសភាគច្រើននៅក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានបញ្ជូនចេញទៅក្រៅប្រទេស។

យ៉ាងណាមិញ នៅក្នុងពិធីសម្ពោធនេះ លោក Prabowo បាននិយាយទៀតថា ធនាគារមាសទាំងពីរនេះ អាចជួយរដ្ឋរក្សាអត្រាប្តូរប្រាក់បរទេស និងអនុញ្ញាតឲ្យមានខ្សែសង្វាក់ផ្គត់ផ្គង់មាសគ្រប់គ្រាន់។

ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ឥណ្ឌូណេស៊ី ឥឡូវនេះត្រូវបានចាត់ទុកថាជាប្រទេសអ្នកមាន។ ហើយចំពោះការផលិតមាសរបស់ឥណ្ឌូណេស៊ី បានកើនឡើងចន្លោះពី ១០០ តោនទៅ ១៦០ តោន នៅក្នុងពេលបច្ចុប្បន្ននេះ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលទីក្រុងហ្សាកាតា បានអនុម័តផ្តល់អាជ្ញាប័ណ្ណដើម្បីធ្វើប្រតិបត្តិការជាធនាគារមាសសម្រាប់ធនាគារ Pegadaian ដែលបុត្រសម្ព័ន្ធរបស់ធនាគាររដ្ឋ Bank Rakyat Indonesia និង Bank Syariah Indonesia (BSI) ដែលជាធនាគារឥស្លាមធំជាងគេបំផុតរបស់ប្រទេស។ ហើយឥឡូវនេះ ធនាគារទាំងពីរ អាចផ្តល់សេវាដាក់សន្សំមាស ការផ្តល់ហិរញ្ញប្បទាន ការធ្វើពាណិជ្ជកម្ម និងសេវាថែទាំផ្សេងទៀតដល់អតិថិជនរបស់ខ្លួនបាន៕