សមាជិកសភាអាមេរិកព្រមានថា ចិនអាចប្រើ Elon Musk ដើម្បីមានឥទ្ធិពលលើលោក ត្រាំ

អន្តរជាតិ

សភាតំណាងរាស្រ្តអាមេរិក មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ កាលពីពេលថ្មីៗនេះ បានធ្វើការព្រមានថា រដ្ឋាភិបាលទីក្រុងប៉េកាំងអាចនឹងព្យាយាមប្រើប្រាស់ឥទ្ធិពលជាមួយមហាសដ្ឋី Elon Musk ក្នុងគោលបំណងដើម្បីយកឈ្នះគោលនយោបាយរបស់សហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវតែប្រឆាំងរាល់កិច្ចខិតខំប្រឹងប្រែងបែបនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានគណៈកម្មាធិការមកពីបក្សសាធារណៈរដ្ឋ លោក John Moolenaar និងសមាជិកជាន់ខ្ពស់នៃបក្សប្រជាធិបតេយ្យ លោក Raja Krishnamoorthi បានបង្ហាញការជឿថា បក្សកុម្មុយនិស្តចិន ចង់ប្រើប្រាស់អ្នកជំនួញធំៗរបស់អាមេរិក រួមទាំងមហាសេដ្ឋី Elon Musk ដែលជាបុគ្គលកំពុងទទួលបានផលប្រយោជន៍ពាណិជ្ជកម្មយ៉ាងច្រើននៅក្នុងប្រទេសចិន ដើម្បីជំរុញគោលដៅរបស់ខ្លួន នៅពេលមានកិច្ចពិភាក្សាណាមួយ ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

លោក ​Moolenaar បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយស្ថាប័ន Brookings Institution thinktank ក្នុងទីក្រុងវ៉ាស៊ីនតោនថា ៖ “ចំពោះសំណួរដែលនិយាយពាក់ព័ន្ធទៅដល់លោក Elon Musk ខ្ញុំជឿជាក់ថា បក្សកុម្មុយនិស្តចិន នឹងព្យាយាម និងប្រើប្រាស់ឱកាសណាមួយ” ។

ទន្ទឹមនឹងនេះ Krishnamoorthi ក៏បាននិយាយផងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់ទុកលោក Musk ជាមធ្យោបាយដើម្បីជួយឲ្យពួកគេអាចគេចពីក្រុមសន្តិសុខជាតិរបស់លោក ត្រំា ក្នុងការចរចាកម្រិតណាមួយ។ ហើយលោកសង្ឃឹមថាប្រធានាធិបតីអាមេរិក នឹងស្តាប់​យោបល់​អ្នករាល់គ្នា ដោយយកចិត្តទុកដាក់។

ជម្រាបជូនផងដែរថា លោក Musk ដែលជាមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក និងជាម្ចាស់ជំនួយដ៏ធំបំផុតម្នាក់របស់លោក ត្រាំ ក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០២៤ កន្លងទៅ បានក្លាយគោលដៅដ៏សំខាន់សម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលរំពឹងថាអាចជួយពួកគេឲ្យមានឥទ្ធិពលទៅលើលោក ត្រាំ បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX បានក្លាយជាទីប្រឹក្សាសេតវិមានដ៏ជិតស្និទ្ធបំផុតម្នាក់ របស់ប្រធានាធិបតីអាមេរិករូបនេះ៕