ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលរបស់សហរដ្ឋអាមេរិក Nvidia កាលពីពេលថ្មីៗនេះ បានបង្ហាញពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន កើនឡើងដល់ចំនួនសរុបជាង ៧៤ពាន់លានដុល្លារ បើទោះបីជាមានការប្រកួតប្រជែងខ្លាំងពីសំណាក់ពីក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិន DeepSeek ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
នៅថ្ងៃទី២៦ ខែកុម្ភ:កន្លងទៅ ក្រុមហ៊ុន Nvidia បានប្រកាសពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ឆ្នាំសារពើពន្ធ២០២៥ ដែលត្រូវបានបិទបញ្ចប់នៅក្នុងខែមករាកន្លងទៅ។ ក្នុងនោះគេសង្កេតឃើញថា ប្រាក់ចំណូលពេញមួយឆ្នាំរបស់ក្រុមហ៊ុន បានឈានដល់ចំនួនសរុប ១៣០ពាន់លានដុល្លារ កើនឡើង ១១៤% បើធៀបទៅនឹងឆ្នាំមុន ស្របពេលប្រាក់ចំណេញវិញក៏បានកើនឡើងទ្វេដងដល់ ៧៤,៣ពាន់លានដុល្លារ ផងដែរ។
ជុំវិញតួលេខនេះ ហាក់បង្ហាញថាក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់អាមេរិក នៅតែដើរតួយ៉ាងសំខាន់បំផុត នៅក្នុងឧស្សាហកម្មបញ្ញាសិប្បនិមិត្ត (AI) ដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការលេចចេញឡើងនូវវត្តមានរបស់ DeepSeek ដែលជាគំរូ AI មានតម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់មកពីប្រទេសចិន បានធ្វើឲ្យមានការព្រួយបារម្ភថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗជាច្រើន កំពុងព្យាយាមធ្វើការចំណាយរាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ AI របស់ខ្លួន ដោយមិនរំពឹងទុកថានឹងទទួលបានផលចំណេញ ដែលពួកគេសមនឹងទទួលបានមកវិញនោះឡើយ៕