មានដឹងអត់គ្រួសារមហាសេដ្ឋីណាខ្លះ ជាប់បញ្ជីមានទ្រព្យសម្បត្តិច្រើនបំផុត ក្នុងតំបន់អាស៊ាន?

អន្តរជាតិ

គ្រួសារអ្នកមានបំផុតរបស់ប្រទេសថៃ ចំនួន៣ ស្ថិតនៅក្នុងបញ្ជីឈ្មោះគ្រួសារមានដាច់គេបំផុតទាំងប្រាំ នៅក្នុងតំបន់អាស៊ាន សម្រាប់ឆ្នាំ២០២៥ នេះ ស្របពេលគ្រួសារមានដាច់គេបំផុតពីរផ្សេងទៀត មកពីប្រទេសឥណ្ឌូណេស៊ី និងសិង្ហបុរី នេះបើយោងតាមបញ្ជីឈ្មោះដែលត្រូវបានចងក្រងដោយ Bloomberg ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. គ្រួសារ Chearavanont (ប្រទេសថៃ)



គឺជាគ្រួសារដែលត្រូវបានចាត់ចំណាត់ថ្នាក់កំពូលគេ ក្នុងបញ្ជឈ្មោះគ្រួសារមានដាច់គេនៅក្នុងតំបន់អាស៊ាន ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤២,៦ពាន់លានដុល្លារ។

គ្រួសារ Chearavanont កាន់កាប់មុខជំនួញធំៗជាច្រើននៅក្នុងប្រទេសថៃ ជាពិសេសក្រុមហ៊ុនខ្នាតយក្ស Charoen Pokphand Group (CP) ដែលស្ថិតនៅក្រោមការដឹកនាំរបស់កូនប្រុស គឺលោក Dhanin Chearavanont។

២. គ្រួសារ Hartono (ឥណ្ឌូណេស៊ី)


ទ្រព្យសម្បត្តិរបស់គ្រួសារ Hartono ត្រូវបានប៉ាន់ប្រមាណថាមានចំនួនសរុប ៤២,២ពាន់លានដុល្លារ។ យ៉ាងណាចមិញជុំវិញចំនួនទ្រព្យសម្បត្តិដ៏ច្រើនលើសលប់នេះ គឺទទួលបានចម្បងពីការគ្រប់គ្រងអាជីវកម្មធំៗចំនួនពីរនៅក្នុងប្រទេសឥណ្ឌូណេស៊ី រួមមានក្រុមហ៊ុនផលិតបារី Djarum និងធនាគារកណ្តាលអាស៊ី (BCA) ។

៣. គ្រួសារ Yoovidhya (ប្រទេសថៃ)



Yoovidhyas ជាប់ចំណាត់ថ្នាក់លេខ៣ ជាគ្រួសារមានដាច់គេបំផុតនៅអាស៊ាន និងជាប់ចំណាត់ថ្នាក់ទីប្រាំបីនៅទូទាំងពិភពលោក ដោយមានទ្រព្យសម្បត្តិសរុបចំនួន ២៥,៧ពាន់លានដុល្លារ។

ជាមួយនឹងការចាប់ផ្តើមអាជីវកម្មដំបូង លើការលក់ឱសថ លោក Chaleo Yoovidhya បានសម្រេចចិត្តងាកទៅបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Krating Daeng ដោយផ្តោតសំខាន់ទៅលើការផលិតភេសជ្ជៈ​ប៉ូវ​កម្លាំង។

មិនយូរប៉ុន្មាន ពេលដ៏សំខាន់មួយបានកើតឡើងនៅពេល លោក Dietrich Mateschitz ដែលជាអ្នកជំនាញផ្នែកទីផ្សារដ៏ល្បីល្បាញជនជាតិអូទ្រីស បានស្គាល់ក្រុមហ៊ុន Krating Daeng។ លោក Mateschitz ហាក់បានមើលឃើញពីសក្តានុពលដ៏អស្ចារ្យរបស់ក្រុមហ៊ុនថៃមួនេះ នឹងបានឈានដល់ការចាប់ដៃគូរកស៊ីជាមួយស្ថាបនិកក្រុមហ៊ុន គឺលោក Chaleo ដើម្បីកែសម្រួលរូបមន្ត និងកែប្រែឈ្មោះយីហោថ្មីទៅជា Red Bull ដាក់លក់នៅលើទីផ្សារពិភពលោក។

៤. គ្រួសារ Kwek (សិង្ហបុរី/ម៉ាឡេស៊ី)



គ្រួសារ Kwek ដែលជាគ្រួសាររកស៊ីបីជំនាន់ នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បច្ចុប្បន្នត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិសរុបចំនួន ១៧,៩ពាន់លានដុល្លារ។ ជុំវិញចំនួនទ្រព្យសម្បត្តិដ៏ច្រើននេះ បានធ្វើឲ្យពួកគេក្លាយជាគ្រួសារមានបំផុតទី៤ ក្នុងតំបន់អាស៊ាន និងទី១៥ នៅលើពិភពលោក។

នៅក្នុងឆ្នាំ១៩៤១ លោក Kwek Hong Png បានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Hong Leong មានមូលដ្ឋាននៅប្រទេសសិង្ហបុរី រួមជាមួយបងប្អូនបង្កើតរបស់ខ្លួន។ ក្រោយការរកស៊ីចេះតែរីកចម្រើនខ្លាំងទៅ Hong Leong បានបន្តពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងវិស័យជាច្រើន រួមមានអចលនទ្រព្យ សណ្ឋាគារ និងសេវាកម្មហិរញ្ញវត្ថុ ដោយភាគច្រើនកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។

៥. គ្រួសារ Chirathivat (ប្រទេសថៃ)



គ្រួសារ Chirathivat ត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិសរុបចំនួន ១៥,៧ពាន់លានដុល្លារ ដោយធ្វើឲ្យគ្រួសារនេះ ជាប់នៅក្នុងបញ្ជីឈ្មោះជាគ្រួសារមានទ្រព្យសម្បត្តិច្រើនបំផុតទី៥ នៅក្នុងតំបន់អាស៊ាន។

គ្រួសារ Chirathivat ត្រូវបានគេដឹងថាជាអ្នកគ្រប់គ្រងក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ប្រទេសថៃ គឺ Central Group ដោយរកស៊ីទៅវិស័យធំៗជាច្រើន ជាពិសេសផ្សារទំនើប និងត្រូវបានបង្កើតឡើងដំបូងដោយ លោក Tiang Chirathivat ៕