មហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk បានចូលរួមនៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ និងថែមទាំងបានអះអាងថា ប្រសិនបើអង្គភាព DOGE របស់លោក មិនធ្វើសកម្មភាពដើម្បីជួយសម្រួលដល់រដ្ឋាភិបាលទេនោះ សហរដ្ឋអាមេរិក អាចនឹងប្រឈមមុខទៅនឹងការក្ស័យធនជាមិនខាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ដោយមានការចូលរួមពីសំណាក់ លោកMusk ផងនោះ ត្រូវបានគេស្នើសុំឲ្យនិយាយអំពីកម្មវិធីកាត់បន្ថយមួយចំនួនរបស់ទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាល (DOGE)។ យោងតាមលោក ត្រាំ បង្ហាញឲ្យដឹងថា ក្រុមរបស់លោក Musk បានរកឃើញភស្តុតាងនៃ “រឿងដ៏គួរឲ្យភ័យខ្លាច” ដែលកើតឡើងនៅក្នុងជួររដ្ឋាភិបាល។
ដោយថ្លែងពីជ្រុងនៃកិច្ចប្រជុំទៅកាន់សមាជិកគណៈរដ្ឋមន្ត្រី លោក Musk បាននិយាយថា ៖”ប្រសិនបើយើងមិនធ្វើការងារទាំងនេះទេ នោះអាមេរិកច្បាស់ជានឹងក្ស័យធនជាមិនខាន” ។ ន្ទឹមនឹងនោះ លោក Musk ថែមទាំងបានទទូចទៀតថា ការងាររបស់លោកហាក់កំពុងទទួលការរិះគន់ជាច្រើន និងថែមទាំងមានការគំរាមកំហែងដល់ជីវិតរបស់លោកទៀតផង។
ជម្រាបជូនផងដែរថា កន្លងមកអង្គភាព DOGE របស់លោក Musk បានបង្ហាញពីសកម្មភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ ដូចជាការបណ្តេញបុគ្គលិករដ្ឋ និងការបិទស្ថាប័នធំៗមួយចំនួនផងដែរ ដើម្បីជួយសម្រួលដល់ការចំណាយរបស់រដ្ឋាភិបាល។
មិនតែប៉ុណ្ណោះក្នុងពេលថ្មីៗនេះ DOGE ក៏បានផ្ញើសារទៅកាន់បុគ្គលិករដ្ឋាភិបាលជាងពីរលាននាក់ ដោយទាមទារឲ្យពួកគេរាយការណ៍ពីលទ្ធផលការងាររបស់ខ្លួន ដែលនាំឲ្យមានភាពចលាចលនៅទូទាំងរដ្ឋធានីវ៉ាស៊ីនតោន។ ទន្ទឹមនឹងនោះ ទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន បានស្នើឲ្យបុគ្គលិករបស់ខ្លួន កុំឆ្លើយតបនឹងអ៊ីមែលទាំងនេះឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានសង្កត់ធ្ងន់ថា បុគ្គលិកណាមួយដែលមិនឆ្លើយតប អាចប្រឈមមុខទៅនឹងការបាត់បង់ការងារភ្លាមៗ៕