គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ វិស័យទេសចរណ៍ររបស់កម្ពុជា មានការកើនឡើងប្រមាណជិត ២៣ % ធៀបនឹងឆ្នាំ២០២៣។ជាមួយនឹងកំណើននេះ ឃើញថា ក្នុងឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានទេសចរចិនប្រមាណ ៨៥ម៉ឺននាក់ កើនឡើងជាង២២% ផងដែរ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិង ប្រជាជន កម្ពុជា-ចិន» និងកម្មវិធីពាក់ព័ន្ធនៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ដែលផ្សាយដោយក្រសួងទេសចរណ៍ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ព្រឹត្តិការណ៍បិទយុទ្ធនាការនេះ បានរៀបចំកាលយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសិល្បៈចឹងចូវ (Henan Art Center) ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក WANG Kai អភិបាលខេត្តហឺណាន និងលោក WANG Xu Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំក្រសួង វប្បធម៌ និងទេសចរណ៍ចិន ថ្នាក់ដឹកនាំខេត្តហឺណាន និងប្រជាពលរដ្ឋចិនសរុបប្រមាណ១.៥០០នាក់។

នាឱកាសនោះ គណៈប្រតិភូកម្ពុជា-ចិន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបានិនពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដល់កម្រិតកំពូល ជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស ការដាក់ចេញនូវ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» កន្លងមក ដែលប្រទេសទាំងពីរបានអនុវត្ត ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាក្នុងឆ្នាំ២០២៤កន្លងមក ជាពិសេសវិស័យទេសចរណ៍ ដោយក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនប្រមាណ ៨៥ម៉ឺននាក់ កើនឡើង២២,៥% បើធៀបនឹងឆ្នាំ២០២៣។
តាមរយៈព្រឹត្តិការណ៍ខាងលើនេះដែរ កម្ពុជា-ចិន ក៏បានប្តេជ្ញាបន្តជំរុញកិច្ចសហការស៊ីជម្រៅជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព ពិសេសទាញកំណើនទេសចរណ៍ជូនប្រទេសទាំងពីរបន្ថែមទៀត៕ អត្ថបទ៖ ហ្សាលីន

