សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “ឥស្លាម និង ពុទ្ធសាសនា” គឺជាជម្រើសប្រធានបទដ៏ស័ក្តិសមបំផុតសម្រាប់ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី បានលើកឡើងថា សមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាម, បណ្តារដ្ឋសមាជិកទាំង ៥៧ នៃអង្គការសហប្រតិបត្តិការឥស្លាម(OIC) និង ប្រទេសនានា លើសាកលលោក សុទ្ធតែបានទទួលស្គាល់ថា កម្ពុជា គឺជាប្រទេសគំរូមួយ ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និងទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាពជំនឿសាសនារបស់ប្រជាពលរដ្ឋទូទៅ, បូករួមទាំងបងប្អូនសាសនិកឥស្លាម។
ជាមួយគ្នានេះ, សម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្តថា កម្ពុជា ជាប្រទេសដែលគោរព និងផ្ដល់តម្លៃដល់ការគោរពបដិបត្តិជំនឿសាសនាផ្សេងៗ ហើយរាជរដ្ឋាភិបាល នីតិកាលមុនៗ ក៏ដូចនីតិកាលទី៧ នៃរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាការរួមរស់ជាមួយគ្នាក្នុងចំណោមសាសនាផ្សេងៗ នៅក្នុងសង្គមកម្ពុជា ប្រកបដោយសុខដុមរមនា។ ជាមួយគ្នានេះ សម្តេចថា ឥស្លាម និងពុទ្ធសាសនា គឺជាជម្រើសប្រធានបទដ៏ស័ក្តិសមបំផុតសម្រាប់ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ដែលតែងតែលើកស្ទួយកិច្ចសន្ទនាអន្តរសាសនា និង សន្តិសហវិជ្ជមានរវាងជំនឿសាសនា។
ជាថ្មីម្តងទៀត សម្តេចធិបតី បានអះអាងថា ការជំរុញសុខដុមនីយកម្មជាតិសាសន៍ និង សាសនា ត្រូវមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់ទាំងអស់ មិនមែនរាជរដ្ឋាភិបាល អាចធ្វើឡើងតែម្នាក់ឯងបានឡើយ។ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ និង ការចូលរួមសហការ ជំរុញកិច្ចសន្ទនាអន្តរសាសនា ដោយគ្មានរើសអើង ដោយគ្មានលទ្ធិជ្រុលនិយម គឺជាកត្តាគាំទ្រដ៏សំខាន់ សម្រាប់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលធានាភាពសុខដុមរមនា និងសន្តិសហវិជ្ជមានរបស់សង្គមដែលមានភាពចម្រុះ ៕ អត្ថបទ៖ ហ្សាលីន