រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចកាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ២០ហិកតា ដើម្បីរៀបចំធ្វើការសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត នេះបើតាមការចុះផ្សាយរបស់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។
កាសែត រស្មីកម្ពុជា បានឪ្យដឹងថា ការសម្រេចកាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ២០ហិកតា របស់សម្តេចតេជោ ហ៊ុន សែន នេះដែរត្រូវបានធ្វើឡើងតាមសំណើសុំ របស់រដ្ឋបាលរាជធានីភ្នំពេញ។
នៅក្នុងលិខិត ដែលចុះហត្ថលេខា ដោយលោក កែន សត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី យោងលិខិត ០៦៦/២០ លស.គ ចុះថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាល រាជធានីភ្នំពេញ , លិខិតលេខ៦៥០ខន /០២០ សជណ ចុះថ្ងៃទី ១៧ ខែធ្នូឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងចំណារដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ចុះ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា ផ្ទៃដីបឹងតាមោក (កប់ស្រូវ) ទំហំ ២០ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរៀបចំសាងសង់ សាខាមន្ទីរពេទ្យកាល់ម៉ែត សម្រាប់បម្រើសេវាពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ។
- នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដីជុំវិញ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាមច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេក្រៅពីរដ្ឋ។
បឹងតាមោក ជាបឹងធម្មជាតិ ហើយក៏ជាអាងស្តុកទឹកធំបំផុតនៅភាគខាងលិចឆៀងខាងជើង នៃរាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្នបឹងមួយចំនួនត្រូវបានអភិវឌ្ឍទៅជាទីក្រុងរណប។
- បឹងតាមោកគឺជាបឹងធម្មជាតិដ៏ធំមួយដែល មានទីតាំងឋិតនៅក្នុង ខណ្ឌព្រែកព្នៅ ដែលសព្វថ្ងៃនេះត្រូវបានគេយកជាទីតាំងសម្រាប់បង្ហូរទឹកសម្អុយ និងជាទីរំដោះទឹកជំនន់ដែលតែងតែកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបឹងធម្មជាតិធំៗ មួយចំនួនដែលឋិតនៅក្នុងរាជធានីភ្នំពេញត្រូវបានគេចាក់ដីលប់ ដើម្បីធ្វើការអភិវឌ្ឍន៍។