សម្តេចធិបតី៖ អាកាសយានដ្ឋានអន្តរជាតិ តេជោ គ្រោងដាក់ឱ្យដំណើរការនៅខែកក្កដាខាងមុខនេះ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារសាងសង់កំពុងពន្លឿនការសាងសង់ឱ្យបញ្ចប់តាមការផែនការកំណត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ថ្លែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី​ “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍” កាលរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ​ ២០២៥។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យឱ្យបានរួចរាល់ជុំវិញបច្ចេក ទេសនានាលើការផ្ទេរប្រព័ន្ធនានាពីព្រលានយន្តហោះចាស់ទៅព្រលានយន្តហោះថ្មីឱ្យបានរួចរាល់ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះផងដែរ។

សូមជម្រាប់ថា គិតត្រឹមចុងខែធ្នូ កន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារអាម៉េរិកសម្រេចការសាងសង់បានជាង៩២%ហើយ ដោយចំណាយថវិកាអស់ប្រមាណជិត១,៣៣៩លានដុល្លារ។

អាកាសយានដ្ឋានប្រភេទ 4F ដែលអភិវឌ្ឍន៍លើផ្ទៃដី២ពាន់៦រយហិកតានេះ គ្រោងសម្ពោធដាក់ឱ្យដំណើរការដំណាក់កាលទី១នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ខណៈកាលពីដំបូងគ្រោងដាក់ឱ្យដំណើរការនៅអំឡុងឆមាសទី១ក្នុងឆ្នាំដដែល។ កម្ពុជារំពឹងថា តាមរយៈព្រលានយន្តហោះនេះវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

គួរបញ្ជាក់ដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឱ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕ អត្ថបទ៖​ហ្សាលីន