សម្តេចធិបតី ណែនាំក្រសួងប្រៃសណីយ៍ សហការជាមួយក្រុមហ៊ុនទូរស័ព្ទ ដើម្បីបង្ហោះសារពីទេស​ចរណ៍កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្របសម្រួលជាមួយនឹងក្រុមហ៊ុនទូរស័ព្ទនានាក្នុងប្រទេស ដើម្បីបង្ហោះសារអំពីទេស​ចរណ៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានជំរុញ និងណែនាំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការសម្របសម្រួល និងសហការជាមួយក្រុមហ៊ុនទូរស័ព្ទនានា ដើម្បីបង្ហោះសារពីទេសចរណ៍កម្ពុជា ចូលក្នុងប្រអប់សារអ្នកប្រើប្រាស់ ដូចដែលបានកំពុងអនុវត្តពាក់ព័ន្ធបញ្ហាសុខា​ភិបាល គ្រឿងញៀន គ្រឿងស្រវឹង ។ល។

ទន្ទឹមគ្នានេះ សម្តេច ក៏បានវាយតម្លៃខ្ពស់ចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុនប្រព័ន្ធ ទូរស័ព្ទ ក្នុងការតំឡើងបង្គោលអង់តែន និងបំពាក់ប្រព័ន្ធសេវាទូរស័ព្ទ នៅតាមគោលដៅទេសចរណ៍អាទិភាព និងដាច់ស្រយាលប្រមាណ ១០០ គោលដៅ នៅទូទាំងប្រទេសផងដែរ។

តាមរយៈសន្និបាតក្រសួងទេសចរណ៍នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធនានា មានការរៀបចំកញ្ចប់​ទស្សន​កិច្ច ក្នុងតម្លៃសមរម្យ សម្រាប់សិស្ស-និស្សិត បុគ្គលិកក្រុមហ៊ុនកម្មករ-កម្មការនី និងបុគ្គ​លិកក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់មានឱកាស និងលទ្ធភាពទៅលេងគោលដៅទេសច​រ​ណ៍​នានាង ដែលកិច្ចការនេះ រួមចំណែកខ្លាំងដល់ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក, ជាពិសេសបំពេញបន្ថែមចរន្ត ភ្ញៀវក្នុងរដូវកាលបៃតងថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិបានជាង ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងទេសចរជាតិប្រមាណ ២២,៥លាននាក់ កើនឡើងជាង២០% រួមជាមួយចំណូលទេសចរណ៍បានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាប្រមាណ ៣,៦ពាន់លានដុល្លាអាម៉េរិក។នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបង្ហាញឡើងនៅក្នុងសន្និបាតខាងលើនេះ៕ អត្ថបទ៖ ហ្សាលីន