សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ឱ្យដំឡើងកិច្ចសន្យាដល់គ្រូបង្រៀន ពី១ឆ្នាំទៅ២ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់គោលការណ៍ឱ្យក្រសួងអប់រំដំឡើងកិច្ចសន្យាដល់គ្រូបង្រៀនកិច្ចសន្យា ពី១ឆ្នាំទៅដល់២ឆ្នាំ ព្រមទាំងស្នើឱ្យក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈ គិតគូនូវគោលការណ៍ឬលក្ខខណ្ឌ ផ្ដល់ឱកាសដល់គ្រូបង្រៀនស្ម័គ្រចិត្តនៅមូលដ្ឋាន ដែលបានបំពេញការងារជាច្រើនឆ្នាំ អាចក្លាយជាគ្រូក្របខណ្ឌ ដោយធានាបាននូវគុណភាពនិងបរិយាបន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចមហាបវរធិបតី បានលើកឡើងគោលការណ៍ខាងលើនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចបានសម្រេចកែសម្រួលដោយដំឡើងរយៈពេលកុងត្រាសម្រាប់គ្រូជាប់កិច្ចសន្យា ពី១ឆ្នាំ ទៅ២ឆ្នាំ ខណៈពីមុនការធ្វើកុងត្រាម្ដង គឺមានសុពលភាពត្រឹម១ឆ្នាំតែប៉ុណ្ណោះ ហើយការធ្វើបែបនេះដើម្បីរក្សានិរន្តរភាពប្រាក់បៀវត្សគ្រូបង្រៀនកិច្ចសន្យា។ លើសពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រាជធានី ខេត្ត ផ្តល់អាទិភាពឱ្យមន្ទីរអប់រំ ក្នុងការរើសគ្រូបង្រៀន ហើយត្រូវអនុលោមតាមនិយាមរបស់ក្រសួងអប់រំ។

ជាមួយគ្នានោះ សម្តេចបានដាក់ចេញបទបញ្ជាឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យលទ្ធភាពផ្ដល់ក្របខណ្ឌដល់គ្រូបឋមជាប់កិច្ចសន្យា ដោយកំណត់ពេលវេលាជាក់លាក់ណាមួយចន្លោះពី ៣ឆ្នាំ ទៅ៤ឆ្នាំ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំដាក់ចេញជាបទបញ្ជាតែម្ដងក្រសួងមុខងារសាធារណៈ ជាមួយក្រសួងអប់រំ ធ្វើយ៉ាងមិចត្រូវគិតគូក្របខណ្ឌ ដោយគិតគូពីលក្ខខណ្ឌលោកគ្រូ អ្នកគ្រូ (គ្រូបឋមកិច្ចសន្យា) ចន្លោះពី៣ឆ្នាំ ទៅ៤ឆ្នាំ មើលគុណវុឌ្ឍិ ហើយឆ្លងកាត់វគ្គខ្លីក្នុងកម្រិតណាមួយដើម្បីបំពេញឱ្យ។ ការងារនេះអនុវត្តកាន់តែឆាប់កាន់តែល្អ»។

បើតាមប្រសាសន៍របស់សម្ដេច ធិបតី ហ៊ុន ម៉ាណែត, ការងារកំណត់ពេលវេលាជាក់លាក់ក្នុងការផ្ដល់ក្របខណ្ឌជូនគ្រូបឋមកិច្ចសន្យានេះ គឺសម្ដេចដាក់បទបញ្ជាលក្ខណៈនយោបាយតែម្ដង ដើម្បីបញ្ចប់ការរាំងស្ទះដោយប្រការណាមួយ ពិសេសលិខិតបទដ្ឋានគតិយុត្តដែលធ្លាប់ដាក់ចេញនាពេលកន្លងមក ដូច្នេះបទបញ្ជានេះដើម្បីឱ្យក្រសួងទាំងពីរសហការគ្នារៀបចំលិខិតបទដ្ឋានគតិយុត្តថ្មីផងដែរ៕