ត្រឹមឆ្នាំ២០២៤ កម្ពុជាមានមូលដ្ឋានផលិត៨៤៤ មកពី៦៤២ភូមិ នៃរាជធានី ខេត្តទាំង២៥ បានចូលរួមក្នុងការជំរុញចលនាភូមិមួយផលិតផលមួយ

សង្គម​ និង​សេដ្ឋកិច្ច

សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ (ឆ្នាំ២០២៤ – ២០២៨) បានឱ្យដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ទស្សនាទានភូមិមួយផលិតផលមួយ បានកើតមានក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ ជាក់ស្តែង ភូមិ ឃុំមួយចំនួនបានដាក់ឈ្មោះទៅតាមឈ្មោះផលិតផលសក្តានុពលក្នុងតំបន់ ដូចជា ឃុំឈើទាល សង្កាត់ ដើមមៀន ស្រុកក្រូចឆ្មារ ជាដើម គ្រាន់តែយើងនៅមិនទាន់បានពង្រីកសកម្មភាពនោះឱ្យមានលក្ខណៈទូលំទូលាយ នៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ (២០១៦-២០២៦) និងផែនការយុទ្ធសាស្ត្រជាតិជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី១ (២០១៩-២០២៣) កន្លងមក យើងបានឃើញអំពីតួនាទីដ៏មានសារៈសំខាន់នៃចលនាភូមិមួយផលិតផលមួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយបង្កើនប្រាក់ចំណូល តាមរយៈការធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច តាមជនបទមានភាពរស់រវើក ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយចំណាកស្រុក និងការពង្រឹងភាពជាម្ចាស់ នៃសហគមន៍។

សម្តេចធិបតីបន្តថា ក្នុងដំណើរឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ចលនាភូមិមួយផលិតផលមួយ ត្រូវតែដើរតួនាទីឱ្យកាន់តែសកម្មថែមទៀត តាមរយៈការកៀរគរប្រជាជនឱ្យខិតខំផលិត កែច្នៃ ប្រើប្រាស់ឱ្យអស់លទ្ធភាព និងប្រកបដោយនិរន្តរភាពនូវធនធានសក្តានុពលទាំងឡាយរបស់មូលដ្ឋាន ដើម្បីបង្កើតឡើងនូវផលិតផល សម្បូរបែប និងមានប្រៀបឈ្នះក្នុងការប្រកួតប្រជែងជាមួយផលិតផលបរទេស។

សម្តេចធិបតីបានបន្ថែមថា «គិតត្រឹមឆ្នាំ២០២៤ មានមូលដ្ឋានផលិតចំនួន ៨៤៤ មកពី៦៤២ភូមិ នៃរាជធានី ខេត្តទាំង២៥ បានចូលរួមក្នុងចលនានេះ ហើយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក៏បានទទួលស្គាល់ផលិតផលចំនួន ៩៦១ មកពីភូមិទាំងនោះ ជាផលិតផលភូមិមួយផលិតផលមួយ រួចរាល់ផងដែរ»។

ជាមួយគ្នានេះសម្តេចធិបតី ក៏បានបង្ហាញពីការមើលឃើញពីតួនាទីមិនអាចខ្វះបានរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីបន្តដឹកនាំ សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន រួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យគោលនយោបាយជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលបានដាក់ចេញ សំដៅរួមចំណែកប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសអភិវឌ្ឍ មានមុខមាត់ជាសង្គមស៊ីវិល័យប្រកបដោយមោទនភាពលើឆាកអន្តរជាតិ។

ក្នុងន័យនេះ សម្តេចបានគូសបញ្ជាក់ថា ការបន្តដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ នៅតែមានភាពចាំបាច់ ដើម្បីកំណត់នូវក្របខ័ណ្ឌការងារមួយដែលមានលក្ខណៈប្រទាក់ក្រឡាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់នូវកិច្ចអន្តរាគមន៍ដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា លើបញ្ហាប្រឈមទាំងឡាយដែលកំពុងមាន ឬនឹងមាននៅតាមមូលដ្ឋាន ដែលកសិករ សេវាករ និងផលិតករគ្រប់ប្រភេទជួបប្រទះ។

ដើម្បីសម្រេចបាននូវសូចនាករទាំងឡាយដែលបានដាក់ចេញក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រនេះ សម្តេចបានអំពាវនាវដល់ក្រសួង ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយទាំងអស់ ទាញយកសកម្មភាពគន្លឹះពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ខ្លួន កសាងលម្អិត និងបញ្ជាបចូលក្នុងផែនការ យុទ្ធសាស្ត្ររបស់ក្រសួង ស្ថាប័នខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របទៅតាមស្មារតីគណនេយ្យភាពសមិទ្ធកម្ម។ បន្ថែមពីនេះ ​សម្តេចក៏សូមឱ្យមានការចូលរួមគាំទ្រពីបណ្តាដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ កសិករ សេវាករ ផលិតករគ្រប់ប្រភេទ និងជាពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមគ្នា ជំរុញ និងលើកកម្ពស់ផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ ឱ្យកាន់តែមានភាពខ្លាំងក្លាថែមទៀតផងដែរ៕