លោក ត្រាំ ចុះហត្ថលេខាផ្តល់សិទ្ធិអំណាចដល់អង្គភាព DOGE របស់លោក Musk កាន់តែខ្លាំងជាងមុន

អន្តរជាតិ

សេតវិមាន កាលពីពេលថ្មីៗនេះ បានចេញបទបញ្ជាប្រតិបត្តិចុងក្រោយបំផុតមួយដែលនឹងផ្តល់សិទ្ធិអំណាចបន្ថែមទៀតដល់ក្រុមប្រឹក្សាប្រតិបត្តិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងគោលបំណងលុបចោលកិច្ចសន្យាណាដែលមិនចាំបាច់ចោលទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ សេតវិមានបានចេញសេចក្តីប្រកាសអំពីបទបញ្ជាប្រតិបត្តិថ្មីមួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានចំណងជើងថា “ការអនុវត្តការិយាល័យប្រសិទ្ធភាពរបស់រដ្ឋាភិបាល (DOGE) គំនិតផ្តួចផ្តើមប្រសិទ្ធភាពចំណាយ” ។

បទបញ្ជាប្រតិបត្តិនេះ នឹងផ្លាស់ប្តូរគោលនយោបាយចំណាយរបស់រដ្ឋាភិបាលសហព័ន្ធសម្រាប់កិច្ចសន្យា ជំនួយ និងប្រាក់កម្ចី ដើម្បីធានាបានថាការចំណាយរបស់រដ្ឋាភិបាលមានតម្លាភាព ហើយបុគ្គលិករដ្ឋាភិបាលទាំងអស់មានទំនួលខុសត្រូវចំពោះសាធារណៈជនអាមេរិក ។

មិនតែប៉ុណ្ណោះ ដោយស្ថិតនៅក្រោមបទបញ្ជាថ្មីនេះ ទីភ្នាក់ងារសហព័ន្ធទាំងអស់ត្រូវតែពិនិត្យមើលឡើងវិញនូវកិច្ចសន្យា និងជំនួយដែល​ខ្ជះខ្ជាយ​ ការក្លែងបន្លំ និងការរំលោភបំពាន ដោយធ្វើការជាមួយអង្គភាព DOGE ដើម្បីវាយតម្លៃ និងបញ្ចប់កិច្ចសន្យាមិនចាំបាច់ណាមួយចោលទាំងអស់។

គួរឲ្យដឹងផងដែរថា ច្បាប់នេះត្រូវបានចូលជាធរមាននៅពេលដែល DOGE កំពុងព្យាយាមបង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជួយសម្រួល និងកែទម្រង់រដ្ឋាភិបាលសហព័ន្ធ។ តែទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារនេះ បានបង្កឲ្យមានភាពចម្រូងចម្រាស និងការមិនសប្បាយចិត្តជាច្រើន នៅក្នុងទម្រង់ការងាររបស់ខ្លួន នៅពេលដែលអង្គភាព បានបណ្តេញបុគ្គលិកសំខាន់ៗជាបន្តបន្ទាប់ក្នុងស្ថាប័នរដ្ឋធំៗមួយចំនួន។

ជម្រាបជូនផងដែរថា DOGE ត្រូវបានបង្កើតឡើងដោយបទបញ្ជាប្រតិបត្តិមួយដែលចុះហត្ថលេខាដោយប្រធានាធិបតីលោក ត្រាំ បន្ទាប់ពីការស្បថចូលកាន់តំណែងក្នុងសេតវិមាន នៅថ្ងៃទី២០ ខែមករា។ ប៉ុន្តែយ៉ាងណាក៏ដោយ បទបញ្ជាប្រតិបត្តិនេះ ហាក់មិនបានបញ្ជាក់ថាអ្នកណាជាអ្នកដឹកនាំអង្គភាព DOGE ឲ្យពិតប្រាកដនោះឡើយ ប៉ុន្តែប្រតិបត្តិការរបស់ទីភ្នាក់ងារនេះកន្លងមកតែងតែត្រូវបានសម្រេច ដោយមហាសេដ្ឋី Elon Musk៕