ក្រុមហ៊ុន Chilwee Group ដែលជាក្រុមហ៊ុនផលិតអាគុយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងឈានមុខគេនៅប្រទេសចិន បានបង្ហាញពីបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងវិស័យកសិកម្ម និងថាមពល។

ការបង្ហាញពីបំណងរបស់ក្រុមហ៊ុនខាងលើ ក្នុងជំនួបពិភាក្សាការងាររវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន Chilwee Group មកពីខេត្តចឺជាំង ប្រទេសចិន ដឹកនាំដោយលោក លាន់ អ៊ីនតុង (Luan Yundong) ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ និងជាប្រធានសមាគមឧស្សាហកម្មអាគុយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
តាមរយៈទស្សនកិច្ចសិក្សានេះ ក្រុមហ៊ុនមានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងវិស័យកសិកម្ម និងថាមពល។ លោក ជា វុទ្ធី បានស្វាគមន៍ចំពោះគណៈប្រតិភូ និងបានលើកទ្បើងពីសក្តានុពលក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការកែច្នៃស្វាយចន្ទី និងខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទីនៅកម្ពុជា ដែលបច្ចុប្បន្នស្វាយចន្ទីគឺជាវិស័យដែលមានសក្តានុពលក្នុងការវិនិយោគ និងជាដំណាំកសិកម្មដែលអាចទាញយកផលប្រយោជន៍ជាអតិបរិមា។ រីឯវិស័យថាមពល ក្រុមហ៊ុនអាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និងការផ្តត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។
លោកអគ្គលេខាធិការ ក៏បានធ្វើការលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
លោក លាន់ អ៊ីនតុង ក៏បានបង្ហាញចំណាប់អារម្មណ៍ថាតាមរយៈជំនួបលើកនេះ ក្រុមហ៊ុននឹងធ្វើការគិតគូរពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាមការចង្អុលបង្ហាញរបស់លោកអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា៕

