ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈ ប៊ុនថាំ អេចប្រេស នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសស្វែងរកអ្នកដែលមានជំនាញអាចបង្រៀនដល់ប្រជាពលរដ្ឋក្នុងសហគមន៍កោះស្ដេច ធ្វើវត្ថុអនុស្សាវរីយ៍លក់រកចំណូលបន្ថែម។

ដោយមើលឃើញពីកំណើននៃចំនួនភ្ញៀវទេសចរកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឯកឧត្ដម អ្នកឧកញ៉ា សួរ វីរៈ បានរៀបចំគម្រោងជួយដល់សហគមន៍កោះស្ដេច ដោយបង្រៀនដល់ប្រជាពលរដ្ឋរស់នៅទីនោះ ចេះធ្វើវត្ថុអនុស្សាវរីយ៍ពីសំបកខ្ចៅ ខ្ចង លាស គ្រំ តុបតែង រចនា លក់ជូនភ្ញៀវទេសចរជាតិ និងអន្ដរជាតិដែលបានទៅកម្សាន្ដ។
សម្រាប់អត្ថប្រយោជន៍ដែលនឹងទទួលបាន អ្នកឧកញ៉ា នឹងផ្ដល់កន្លែងស្នាក់នៅ អាហារប្រចាំថ្ងៃចំនួន៣ពេល ព្រមទាំងថវិកាមួយចំនួនទៀត។ អ្នកឧកញ៉ាបានបន្ដថា ការបង្រៀននេះ អាចប្រើរយៈពេលខ្លីប៉ុណ្ណោះ អាចចន្លោះពី៣ទៅ៤ខែ។ ដោយឡែកសម្រាប់ប្រជាសហគមន៍កោះស្ដេចដែលរៀនចេះអាចផលិតបានហើយ ប្រសិនលក់ជូនភ្ញៀវទេសចរអត់អស់ ក្រុមហ៊ុន វីរៈ ប៊ុនថាំ នឹងធានាជួយទិញទាំងអស់។
អ្នកឧកញ៉ាបញ្ជាក់ថា នេះជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនទៀត ដើម្បីបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅកោះស្ដេច និងដើម្បីឱ្យកោះស្ដេចក្លាយជាកោះដែលគ្មានសំរាម ទាញ់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិកាន់តែច្រើនបន្ថែមទៀត។

គូសបញ្ជាក់ផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរធ្វើដំណើរទៅលេងកោះស្ដេចឱ្យបានកាន់តែច្រើន អ្នកឧកញ៉ា សួរ វីរៈ បានរៀបចំឱ្យមានទូកល្បឿនលឿនបើកចេញពីកំពតទៅកោះស្ដេចត្រង់តែម្ដងដោយចំណាយពេលតែ២ម៉ោងប៉ុណ្ណោះ។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីស៊តជាង១០កន្លែង ដូចជា ឧទ្យានបោះតង់គីរីរម្យ, រំដួលគីរីរម្យ រីស៊ត, សារ៉ារីស៊ត, Eden Beach Resort, Tube Resort, Sandy Beach Resort, Bodega Beach Resort, Apex Koh Kong Hotel, Pidoma Resort, កោះស្តេចរីស៊ត និងកោះអភិជនរីស៊ត ដែលទើបបើកទទួលភ្ញៀវជាផ្លូវការ កាលឆ្នាំ២០២៣ ផងដែរ៕
