ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដែលបានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ផលិតផលរបស់ខ្លួនដាច់ដោយមិនមានការគិតគូរដល់សីលធម៌សង្គម ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់នូវការប្រើប្រាស់វិធីសាស្ត្រលេងសើច (Prank)។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកសំណូមពរបន្ថែមថា សូមបងប្អូនអ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គមនិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បញ្ឈប់ជាបន្ទាន់ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលដាច់ ឬទាក់ទាញការចាប់អារម្មណ៍ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកដទៃ។ នេះមិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិតាទេ ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល។
សូមជម្រាបថា ការប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ ជាការបំពានច្បាប់ និងអាចជាកម្មវត្ថុនៃបណ្តឹងរបស់អ្នកដែលទទួលរងផលប៉ះពាល់។ ក្នុងន័យនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនសាធារណជនកុំចែករំលែកបន្តនូវខ្លឹមសារដែលមិនមានក្រមសិលធម៌ និងបំពានដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងមាតិកាមិនសមរម្យ ប្រាស់ចាកក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម៕
