រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick កាលពីពេលថ្មីៗនេះ បាននិយាយថា កម្មវិធីលក់បណ្ណមាសសម្រាប់ជនបរទេសដែលចង់ទទួលបានសញ្ជាតិអាមេរិកដោយស្របច្បាប់ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំនោះ អាចបង្កើនប្រាក់ចំណូលចូលរដ្ឋបានខ្ទង់ប្រហែល ១,២៥ទ្រីលានដុល្លារ នៅដំណាក់កាលដំបូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។
មិនតែប៉ុណ្ណោះដោយទៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Fox News លោក Lutnick បានលើកឡើងថា៖ “បច្ចុប្បន្ននេះ មានមនុស្សប្រហែល ២៥០ ០០០ នាក់កំពុងរង់ចាំតម្រង់ជួរដើម្បីចុះឈ្មោះទទួលបានបណ្ណមាសនេះ។ ហើយប្រសិនបើពួកគេសុខចិត្តចំណាយ ៥លានដុល្លារ នោះយើងនឹងអាចមកឃើញពីប្រាក់ចំណូលសរុបប្រមាណជាង ១,២៥ទ្រីលានដុល្លារ ពីមនុស្សទាំងអស់នោះ។ ខ្ញុំគិតថាមនុស្សទាំងនេះ សុខចិត្តចំណាយប្រាក់យ៉ាងច្រើនដើម្បីមករស់នៅសហរដ្ឋអាមេរិក ព្រោះប្រសិនបើពួកគេធ្វើដូច្នេះ ពួកគេនឹងស្ថិតនៅក្នុងប្រទេសដ៏អស្ចារ្យបំផុតនៅលើផែនដី” ។
ទន្ទឹមនឹងនេះ លោក Lutnick បានប្រកាសការពារគំនិតផ្តួចផ្តើមរបស់លោក ត្រាំ ដើម្បីឲ្យមានការអនុវត្តលើកម្មវិធីផ្តល់ទិដ្ឋាការថ្មីដែលមានឈ្មោះថា “បណ្ណមាស” សម្រាប់លក់ជូនជនបរទេសដែលចង់បានសញ្ជាតិអាមេរិកដោយស្របច្បាប់ ក្នុងតម្លៃ ៥លានដុល្លារ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិករូបនេះ ក៏បានលើកឡើងទៀតផងដែរថា កម្មវិធីនេះរំពឹងថានឹងអាចរៃអង្គាសបានទឹកប្រាក់បានច្រើន ហើយនឹងយកវាទៅប្រើប្រាស់ដើម្បីសងបំណុលរបស់ប្រទេសវិញ។
ជម្រាបជូនផងដែរថា ប្រធានាធិបតីលោក ត្រាំ ធ្លាប់បានប្រកាសថា ចំពោះបណ្ណមាសថ្មីសម្រាប់លក់ជូនជនអន្តោប្រវេសន៍នេះ នឹងមានអត្ថប្រយោជន៍ដូចគ្នាទៅនឹងកាតបៃតងដែលមានស្រាប់នាពេលបច្ចុប្បន្ននេះដែរ។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា ការចាប់ផ្តើមកម្មវិធីលក់បណ្ណមាសនេះ អាចនឹងត្រូវធ្វើឡើងនៅពីរសប្តាហ៍ខាងមុខនេះ ហើយវានឹងមិនវានឹងមិនចាំបាច់ត្រូវការយល់ព្រមពីសភានោះឡើយ៕