ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីកម្សាន្តដ៏ពេញនិយម TikTok ត្រូវបានគេរាយការណ៍ថា នឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៨,៨ពាន់លានដុល្លារ ក្នុងមជ្ឈមណ្ឌផ្ទុកទិន្នន័យ នៅប្រទេសថៃ សម្រាប់រយ:ពេល ៥ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្នុងអំឡុងកិច្ចពិភាក្សាមួយកាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ រវាងអនុប្រធានគោលនយោបាយសាធារណៈសម្រាប់ទីផ្សារកំពុងរីកចម្រើនរបស់ TikTok លោកស្រី Helena Lersch ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមរបស់ថៃ លោក Prasert Chandrroungthong នៅឯវិមានរដ្ឋាភិបាល។
យ៉ាងណាមិញ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំទាំងពីរបានស្វែងយល់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលយ៉ាងឆាប់រហ័សរបស់ប្រទេសថៃ និងសក្តានុពលសម្រាប់ក្រុមហ៊ុន TikTok ដើម្បីចូលរួមនៅក្នុងការបោះទុនវិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។
ទន្ទឹមនឹងនេះ លោក Chandrrungthong បានសម្តែងនូវសុទិដ្ឋិនិយមរបស់លោក ដោយបញ្ជាក់ថា វេទិកា TikTok កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ប្រចាំថ្ងៃ ហើយការពិភាក្សាដែលយើងកំពុងធ្វើនៅថ្ងៃនេះ នឹងជួយជំរុញសមត្ថភាពឌីជីថលរបស់ប្រទេសថៃ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ភាពរីកចម្រើននៃវិស័យឌីជីថលរបស់ប្រទេសថៃទាំងនេះ គឺកើតចេញឡើង ដោយសារតែមានការរួមចំណែកយ៉ាងខ្លាំងពីសំណាក់ Tiktok ។ បច្ចុប្បន្នកម្មវិធីកម្សាន្តនេះ ត្រូវបានគេព្យាករថាមានអ្នកប្រើប្រាស់សកម្មប្រមាណ ៥០លាននាក់ និងមានអាជីវកម្មរបស់ថៃប្រមាណ ៣ លាន កំពុងដាក់លក់ផលិតផលរបស់ពួកគេតាមរយ:វេទិកានេះ៕