លោក Zelensky ថាគ្មានអ្វីដែលត្រូវសុំទោសលោក ត្រាំ ទេ ក្រោយប្រកែកតឹង​សសៃ​កដាក់គ្នានៅសេតវិមាន

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយយ៉ាងច្បាស់ថា លោកគ្មានអ្វីដែលត្រូវសុំទោសទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះឡើយ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីបានឈ្លោះប្រកែកគ្នាបែកផ្សែង ក្នុងអំឡុងកិច្ចប្រជុំកំពូលមួយដែលត្រូវបានធ្វើឡើងនៅសេតវិមាន នាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសដាច់ដោយឡែកមួយជាមួយបុស្តិ៍ទូរទស្សន៍ Fox News បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅសេតវិមាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក Zelensky បាននិយាយថា ៖”ខ្ញុំគិតថាយើងត្រូវតែបើកចំហរ និងស្មោះត្រង់ចំពោះរឿងនេះ។ ខ្ញុំមិនគិតថាយើងបានធ្វើអ្វីអាក្រក់នោះទេ”។

ទន្ទឹមនឹងនេះ នៅពេលត្រូវបានសួរនាំដោយអ្នកកាសែត Fox News លោក Brett Baier ថា តើលោកគួរតែផ្តល់ការសុំទោសទៅកាន់ប្រធានាធិបតីលោក ត្រាំ ជុំវិញរឿងហេតុឈ្លោះប្រកែកគ្នានេះដែរឬទេ? ខណ:មេដឹកនាំប្រទេសអ៊ុយក្រែន បានឆ្លើយតបវិញភ្លាមៗថា “ទេ! វាគ្មានអ្វីត្រូវសុំទោសឡើយ”។

មិនតែប៉ុណ្ណោះ លោក Zelensky បានទទូចថាលោកនៅតែមានការគោរពចំពោះលោក ត្រាំ និងប្រជាជនអាមេរិកជានិច្ច សូម្បីតែបន្ទាប់ពីមានការឈ្លោះប្រកែកគ្នានេះក៏ដោយ។ លោក Zelensky ក៏បានសង្កត់ធ្ងន់ទៀតថា លោកមិនចង់បាត់បង់ដៃគូអាមេរិករបស់យើងទេ ដោយបន្ថែមថា វានឹងពិបាកសម្រាប់ទីក្រុងគៀវ ក្នុងការប្រឈមមុខជាមួយរុស្ស៊ី បើសិនគ្មានជំនួយពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនទេនោះ។

ជម្រាបជូនផងដែរថា ជុំវិញការលើកឡើងរបស់លោក Zelensky បែបនេះ ត្រូវបានកើតមានឡើង បន្ទាប់ពីទាស់ទែងពាក្យសម្ដីជាមួយលោក ដូណាល់ ត្រាំ នៅឯសន្និសីទសារព័ត៌មាននៅឯការិយាល័យ Oval នៃសេតវិមាន។

ក្នុងប៉ះសម្ដីគ្នាធ្ងន់ៗ លោក ត្រាំ បាននិយាយថា លោក Zelensky គ្មានសន្លឹកបៀរសំខាន់អ្វីទាំងអស់ និងកំពុងយកអាយុជីវិតប្រជាជនរាប់លាននាក់ទៅប្រឡែងលេងជាមួយសង្រ្គាមលោកលើកទី៣។ ជាមួយគ្នានេះ អនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានវត្តមានក្នុងសន្នីសីទសារព័ត៌មាននោះដែរ បានចោទប្រកាន់ថាលោក Zelensky មិនបានផ្ដល់ការគោរព និងដឹងគុណចំពោះជំនួយរបស់អាមេរិក។

ក្រោយពីមានជម្លោះពាក្យសម្តីនោះ លោក Zelensky បានចាកចេញពីសេតវិមានទាំងកណ្ដាលទី ហើយក្រោយមក លោក ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមថាមេដឹកនាំរបស់ប្រទេសអ៊ុយក្រែន អាចត្រឡប់ទៅកាន់សេតវិមានជាថ្មី នៅពេលត្រៀមខ្លួនរួចរាល់ដើម្បី​ចរចា​សន្តិភាពឡើងវិញ៕