នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបឱ្យដឹង នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥នេះថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងចំណាយថវិកាជាង ៨លានដុល្លារ ដើម្បីសម្រេចតាមផែនការការងារនៅឆ្នាំ២០២៥នេះ។

ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសលោកនាយឧត្តមសេនីយ៍ បានអញ្ជើញដឹកនាំមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី១៩ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារ Raffles Hotel Le Royal ដែលមានការអញ្ជើញចូលរួមពី តំណាងស្ថាប័នកីឡាបាល់ទាត់អន្តរជាតិដូចជា FIFA, AFC និង AFF ព្រមទាំងតំណាងក្លឹបអាជីពមួយចំនួន និងភ្ញៀវកិត្តិយសពាក់ព័ន្ធជាច្រើនរូប។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា សម្រាប់ផែនការការងារ ឆ្នាំ២០២៥នេះ សហព័ន្ធ គ្រោងនឹងចំណាយ ថវិកា ៨ ៤៥៦ ៨៦៧.២៦ ដុល្លារ ខណៈសហព័ន្ធ ទទួលបានចំណូល ៨ ៤៧៧ ២១០.៤៧ដុល្លារ ពីសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA), សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC), សហព័ន្ធបាល់ទាត់អាស៊ាន (AFF), ក្រសួងអប់រំយុវជន និងកីឡាសហព័ន្ធ បាល់ទាត់ជប៉ុន និងអ្នកឧបត្ថម្ភនានាផងដែរ។
សូមជម្រាបផងដែរថា ក្នុងសន្និបាតខាងលើនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានប្រកាសនឹងធ្វើការសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការផ្ទាល់ខ្លួន នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជេញ ស្រុកមុខកំបូល ខេត្តកណ្ដាល ដោយគ្រោងនឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៤.៤លានដុល្លារអាមេរិក ដែលជាថវិកាជំនួយរបស់ FIFA។ តាមផែនការ កីឡដ្ឋានថ្មីនេះ នឹងអាចផ្ទុកទស្សនិកជនចូលទស្សនាបាន ១២,០០០ នាក់ ប៉ុន្តែដំណាក់កាលដំបូងគឺសាងសង់ត្រឹម ៤,២០០នាក់សិន ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦៕


