ក្រុមហ៊ុន Nex Healthcare Co., Ltd. ដែលមានមុខសញ្ញាវិនិយោគផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ បានបោះទុនប្រមាណ២៧៣លានដុល្លារ វិនិយោគផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង លើផ្ទៃដីទំហំ ២១ ហិកតា។

ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្ររបស់ក្រុមហ៊ុនខាងលើ ធ្វើឡើងកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
លោក ជា វុទ្ធី បានលើកឡើងអំពីភាពជោគជ័យរបស់តំបន់សេដ្ឋកិច្ចពិសេសមកដល់សព្វថ្ងៃនេះ គឺកើតចេញក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះតំបន់សេដ្ឋកិច្ចពិសេស ដោយប្រើនូវអភិក្រមចំនួន៣ រួមមានៈ កាត់បន្ថយពេលវេលា, កាត់បន្ថយចំណាយ និងកាត់បន្ថយឋានានុក្រមលើប្រតិបត្តិការវិនិយោគ និងនីតិវិធីផ្សេងៗ។
លោកបន្តថា ការកើនឡើងនៃចំនួនគម្រោងវិនិយោគជាបន្តបន្ទាប់ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានសបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេសបាននិងកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ព្រមទាំងបានបង្កើតការងារនិងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេស បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ក្រុមហ៊ុន Nex Healthcare Co., Ltd. ដែលវិនិយោគនេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។ ផលិតផលស្រោមដៃការពារសុខភាពរបស់ក្រុមហ៊ុននេះ ជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក, រីឯឧបករណ៍ពិនិត្យបេះដូងជាប់ចំណាត់ថ្នាក់លេខ ៤ ទូទាំងពិភពលោក និងជាប់លេខ ២ នៅក្នុងប្រទេសចិន៕

