លោក ត្រាំ ចុះហត្ថលេខាកំណត់យកភាសាអង់គ្លេស ជាភាសាផ្លូវការរបស់សហរដ្ឋអាមេរិក

អន្តរជាតិ

ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានឈានដល់ការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីធ្វើឲ្យភាសាអង់គ្លេស ក្លាយជាភាសាផ្លូវការរបស់សហរដ្ឋអាមេរិក ជាលើកដំបូង ដោយលើកហេតុផលថាការធ្វើបែបនេះ នឹងធ្វើឲ្យអាមេរិក កាន់តែមានភាពស្អិតរមួត និងការរួបរួមនៅក្នុងប្រទេសដែលមានជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍ជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេតវិមាន កាលពីថ្ងៃទី១ ខែមីនាកន្លងទៅ បានប្រកាសពីបទបញ្ជាប្រតិបត្តិថ្មីដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី លោក ត្រាំ ដោយបញ្ជាក់ថាភាសាអង់គ្លេសឥឡូវនេះ ត្រូវបានចាត់ទុកថាជាភាសាផ្លូវការរបស់សហរដ្ឋអាមេរិកហើយ។

យ៉ាងណាមិញនៅក្នុងបទបញ្ជាប្រតិបត្តិនោះ បានសរសេរថា៖”ភាសាដែលត្រូវបានទទួលស្គាល់ជាជាតិមួយ គឺជាស្នូលនៃសង្គមរួបរួមមួយ ដែលមានភាពស្អិតរមួត និងការសាមគ្គីភាព។ ហើយអាមេរិកត្រូវបានពង្រឹងនៅពេលដែលមនុស្សជាច្រើនអាចផ្លាស់ប្តូរគំនិតរបស់ពួកគេ ដោយសេរីជាមួយភាសាដ៏សាមញ្ញមួយ”។

គួរឲ្យដឹងថា សហរដ្ឋអាមេរិកមិនមានភាសាផ្លូវការណាមួយនោះទេ បើទោះបីជាភាសាអង់គ្លេសត្រូវបាននិយាយយ៉ាងទូលំទូលាយបំផុត និងត្រូវបានគេចាត់ទុកថាជាភាសាផ្លូវការនៅក្នុងរដ្ឋមួយចំនួនក៏ដោយ។ យោងតាមការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក ភាសាដែលគេនិយាយច្រើនជាងគេក្រៅពីភាសាអង់គ្លេស គឺភាសាអេស្ប៉ាញ ចិន តាកាឡុក វៀតណាម និងអារ៉ាប់ ជាដើម។

ទន្ទឹមនឹងនេះ សេតវិមានទទួលស្គាល់ថាភាសាសរុបច្រើនជាង ៣៥០ភាសា ត្រូវបានប្រើប្រាស់ក្នុងការនិយាយនៅសហរដ្ឋអាមេរិក ហើយបទបញ្ជាប្រតិបត្តិថ្មីរបស់ប្រធានាធិបតី លោក ត្រាំ អះអាងថាភាសាអង់គ្លេសគឺជាភាសារបស់ជាតិ ពោលគឺចាប់តាំងពីការបង្កើតប្រទេសដំបូង ស្របពេលឯកសារប្រវត្តិសាស្ត្រផ្សេងទៀតដូចជា សេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញ ក៏ត្រូវបានគេសរសេរជាភាសាអង់គ្លេស ផងដែរ៕