អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះរូបភាពឪពុករបស់ខ្លួន គ្រោងឯកសណ្ឋានថ្មីថ្ងៃដំបូង ព្រមទាំងផ្ញើសារជូនពរក្នុងតួនាទីថ្មីជា រដ្ឋលេខាធិការក្រសួងការពារជាតិ។

កន្លងមក នាយឧត្តមសេនីយ៍ ទៀ វិញ ឪពុករបស់ អ្នកឧកញ៉ា ទៀ វិចិត្រ អតីតមេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ តែងស្លៀកពាក់ឯកសណ្ឋានពណ៌ស ដែលជាឯកសណ្ឋានផ្លូវការរបស់កងទ័ពជើងទឹក។ យ៉ាងណាក្តី ក្រោយទទួលការតែងតាំងជា រដ្ឋលេខាធិការ នាយឧត្តមសេនីយ៍ បានប្តូរឯកសណ្ឋានមកពណ៌កងទ័ពជើងគោក ដែលជាឯកសណ្ឋានរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិផងដែរ។
អ្នកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះរូបភាព និងសារលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃចន្ទនេះយ៉ាងដូច្នេះថា៖ “អរុណសួរស្តី ថ្ងៃថ្មី ឯកសណ្ឋានថ្មីរបស់ប៉ា សូមជូនពរប៉ាឱ្យមានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច”។
សូមជម្រាបថា នាយឧត្តមសេនីយ៍ ទៀ វិញ អត្តលេខ ០០០១៧១ អតីតមេបញ្ជាការកងទ័ពជើងទឹក ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

