ឆ្នាំ២០២៤ ទិន្នផលអំបិលនៅកម្ពុជា ជិត១៧ម៉ឺនតោន

សង្គម​ និង​សេដ្ឋកិច្ច


ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ ទិន្នផលអំបិលនៅកម្ពុជាសរុបមានចំនួន ១៦៨ ៨៨២ តោន ផលិតលើផ្ទៃដីស្រែអំបិលចំនួន ៣ ៩៨៧,៣៥ហិកតា ក្នុងនោះ ខេត្តកំពត មានផ្ទៃដីស្រែអំបិល ៣,៤៨៩,៤៨ហិកតា និងកែបមាន៤៩៧,៨៧ហិកតា។នេះយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលនេះ បានឱ្យដឹងថា៖បច្ចុប្បន្នមានក្រុមផលិត១៩១ក្រុម ក្នុងនោះខេត្តកំពតផលិតបាន១២៨.៤៧៤តោន និងខេត្តកែប ផលិតបាន ៤០.៤០៨តោន។ការលក់អំបិលក្នុងឆ្នាំ២០២៤ មានចំនួន៧៤១៨៥តោន។

ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតអំបិលបានលើសតម្រូវការហើយពុំមានតម្រូវការនៃការនាំចូលពីបរទេសនោះទេ។

គួរកត់សម្គាល់ថា៖ អំបិលកម្ពុជាបានក្លាយជាទំនិញម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) កាលពីឆ្នាំ២០២៣ និងទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ បណ្តាប្រទេសពីសហគមន៍អឺរ៉ុប ថាជាអំបិលមួយដែលមានគុណភាពល្អ និងសំបូរទៅដោយសារធាតុរ៉ែ ជំនួយទៅដល់សុខភាពអ្នកប្រើប្រាស់ ក៏កំពុងទទួលបានការចាប់អារម្មណ៍ទីផ្សារប្រទេសមួយចំនួន ក្នុងការនាំចូលទៅប្រទេសគេផងដែរ។

សូមជម្រាបថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលកម្ពុជាផលិតអំបិលបានច្រើនជាងគេ ធៀបនឹងឆ្នាំកន្លងមក ពោល នៅក្នុងឆ្នាំ២០២៣ កម្ពុជាផលិតបាន៨១,៩០៤តោន, ឆ្នាំ២០២២ ផលិតបាន៣២,៩០០តោន, ឆ្នាំ២០២១ ផលិតបាន៧៥,៣៤៥តោន។ ឆ្នាំ២០២០ ផលិតបាន៩៦,៥៤៤តោន, ឆ្នាំ២០១៩ ផលិតបាន ២៨,៣០០តោន និងឆ្នាំ២០១៨ កម្ពុជាផលិតបាន៣០០០តោន ៕