ព្រះវិហារមួយខ្នង នៅវត្តមណីរតនារាម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមការផ្ដួចផ្ដើមកសាងពីសំណាក់ អ្នកឧកញ៉ាបណ្ឌិតជា រតនា និងភរិយា អ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី រួមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ញាតិមិត្តជិតឆ្ងាយ ពុទ្ធបរិស័ទចំណុះជើងវត្ត ទាំងក្នុង និងក្រៅប្រទេស មានសទ្ធាជ្រះថ្លាចូលរួមថវិកាសាងសង់អស់ប្រមាណជាង ១លាន ១សែនដុល្លារ នឹងត្រូវរៀបចំពិធីកាត់ឫសសីមា រយៈពេល ៣ថ្ងៃ យ៉ាងឱឡារឹក។

តាមការបញ្ជាក់របស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ព្រះវិហារនៅវត្តមណីរតនារាម ដែលស្ថិតក្នុងក្រុងពោធិ៍សាត់ នេះ នឹងត្រូវធ្វើពិធីកាត់ឫសសីមា នៅថ្ងៃទី ៩,១០,១១ ខែមីនា ឆ្នាំ២០២៥នេះ ផ្ទាល់តែម្ដង។
ក្នុងអំឡុងនៃពិធីកាត់ឫសសីមា រយៈពេល ៣ថ្ងៃ នេះ ក៏នឹងមានការយាងនិមន្តប្រទានធម្មទេសនារបស់ សម្ដេចព្រះពោធិវង្សគតិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ត ចន្ទបុរីវង្ស ហៅវត្តសំរោងខាងជើង, សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានលេខារដ្ឋានគណៈនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណរាជធានីភ្នំពេញ, សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្ដមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៏ ខេត្តសៀមរាប, ព្រះព្រហ្មាភិតែ កែវ កន រតនប្បញ្ញោព្រះពោធិវង្សាវិមល មេគុណខេត្តពោធិ៍សាត់ និងជាព្រះចៅអធិការវត្ត កែវវិជ័យ រួមទាំង ធម្មសន្ទនា ដោយធម្មវាគ្មិន ជាសង្ឃ និង គ្រហស្ថ ដឹកនាំកម្មវិធីដោយ ឧបាសក សាន សុជា ផងដែរ។
អាស្រ័យហេតុនេះ អ្នកឧកញ៉ា បណ្ឌិត ជា រតនា ក៏សូមគោរព និមន្តព្រះថេរានុត្ថេរៈ ភិក្ខុ សាមណេរ ស្ដេចយាង និងអញ្ជើញទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោកអ្នក សប្បុរសជនក្នុង និងក្រៅប្រទេស និមន្ត ស្ដេចយាង អញ្ជើញ ចូលរួមបំពេញកុសលផលបុណ្យ និងអនុមោទនា ដោយសទ្ធាជ្រះថ្លា និងបញ្ញារៀងៗខ្លួន។ ជាពិសេសនាល្ងាចថ្ងៃទី៩ ខែមីនា ត្រូវនឹងថ្ងៃទី១ នៃពិធីកាត់ឫសសីមាព្រះវិហារនៅវត្ដមណីរតនារាម នេះ ក្រោយព្រះធម៌ទេសនា ដង្ហែរកម្រងផ្កាប្រទីបជ្វាលារួម ក៏នឹងមានការរៀបចំការដុតកាំជ្រួច បូជាព្រះរតនត្រ័យយ៉ាងអធឹកអធ័មថែមទៀតផង។
ខាងក្រោមនេះជាកម្មវិធីលម្អិត នៃបុណ្យបញ្ចុះខាន់សីមា ព្រះវិហារ វត្តមុណីរតនារាម៖











