ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា កំពុងផ្អាកផ្តល់ជំនួយទាំងអស់ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងគោលបំណងដើម្បីធានាបានថាខ្លួនកំពុងចូលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីណាមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ទន្ទឹមនឹងនេះ យោងតាមមន្ត្រីសេតវិមានដែលមិនត្រូវបានបញ្ចេញឈ្មោះ បាននិយាយកាលពីថ្ងៃទី៣ ខែមីនាកន្លងទៅថា ៖” ប្រធានាធិបតីលោក ដូណាល់ ត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា លោកកំពុងផ្តោតទៅលើសន្តិភាពជាចម្បង។ យើងត្រូវការដៃគូរបស់យើង ដើម្បីប្តេជ្ញាចិត្តចំពោះគោលដៅនោះ។ ហើយយើងក៏កំពូងផ្អាក និងពិនិត្យមើលជំនួយរបស់យើងឡើងវិញ ដើម្បីធានាបានថាជំនួយទាំងនោះនឹងរួមចំណែកដល់ដំណោះស្រាយណាមួយ”។
យ៉ាងណាមិញ ជុំវិញចំណាត់ការផ្អាកជំនួយនេះ ត្រូវបានកើតឡើង បន្ទាប់ពីរដ្ឋបាលអាមេរិកបានផ្លាស់ប្តូរទិសដៅ និងប្រកាន់ជំហរផ្សះផ្សាបន្ថែមទៀតចំពោះរុស្ស៊ី ក៏ដូចជាបន្ទាប់ពីមានការប៉ះពាក្យសម្តីគ្នាដ៏តានតឹងបំផុតរវាងប្រធានាធិបតី លោក និងមេដឹកនាំកំពូលអ៊ុយក្រែន លោក Zelensky នៅឯសេតវិមាន កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ។
ក្នុងជម្លោះនោះ ប្រធានាធិបតីលោក ត្រាំ បានរិះគន់មេដឹកនាំអ៊ុយក្រែនថាជាមនុស្សមិនដឹងគុណ ចំពោះការគាំទ្ររបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លើទីក្រុងគៀវនៅក្នុងសង្គ្រាម។ លោក ត្រាំ ក៏បាននិយាយបន្ថែមទៀតថា ប្រធានាធិបតីអ៊ុយក្រែនគួរតែមានការកោតសរសើរចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកបន្ថែមទៀត ដោយបញ្ជាក់ថាសហរដ្ឋអាមេរិកនិងអ៊ុយក្រែន នៅតែអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រជាមួយគ្នាឡើងវិញបាន បើទោះបីជាលោកមានការខកចិត្តខ្លាំងជាមួយរដ្ឋភិបាលទីក្រុងគៀវក៏ដោយ។
ជុំវិញបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បាននិយាយកាលពីថ្ងៃទី៣ ខែមីនាថា លោកបានត្រៀមខ្លួនជាស្រេចហើយដើម្បីជួបជាមួយភាគីអាមេរិកម្តងទៀត ប្រសិនបើត្រូវបានអញ្ជើញ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា ជំនួបសារនេះ ត្រូវតែជាការពិភាក្សាដ៏ម៉ឺងម៉ាត់ជាទីបំផុត៕