ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស TSMC ប្រកាសផែនការវិនិយោគ ១០០ពាន់លានដុល្លារបន្ថែម នៅសហរដ្ឋអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនផលិតបន្ទះឈីប Taiwan Semiconductor Manufacturing Co (TSMC) របស់តៃវ៉ាន់ កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការរបស់ខ្លួន ជុំវិញការវិនិយោគទឹកប្រាក់រហូតដល់ទៅ ១០០ពាន់លានដុល្លារ នៅក្នុងទឹកសហរដ្ឋអាមរិកដែលពាក់ព័ន្ធទៅនឹងការសាងសង់រោងចក្រផលិតបន្ទះឈីពសៀគ្វីចំនួន ៥ បន្ថែមទៀតក្នុងប្រទេសនេះនៅរយ:ពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសអំពីផែនការនេះ ត្រូវបានធ្វើឡើង បនញទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន TSMC លោក C.C. Wei បានជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន កាលពីថ្ងៃទី៣ ខែមីនាកន្លងទៅ។ TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក និងត្រូវបានចាត់ទុកថាជាអ្នកផ្គត់ផ្គង់ឈានមុខគេដល់ក្រុមហ៊ុនផលិត Hardware ធំៗរបស់សហរដ្ឋអាមេរិកជាច្រើន។

ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បាននិយាយនៅក្នុងអំឡុងកិច្ចប្រជុំនោះផងដែរថា ៖”យើងត្រូវតែអាចបង្កើតបន្ទះឈីបសៀគ្វី និងបន្ទះឈីប semiconductors ដែលយើងត្រូវការនៅទីនេះ នៅទឹកដីសហរដ្ឋអាមេរិកផ្ទាល់។ វា​ជា​បញ្ហា​សន្តិសុខ​ជាតិ​សម្រាប់​យើងទាំងអស់គ្នា”។

យ៉ាងណាមិញ ក្រុមហ៊ុន TSMC បាននិយាយថាផែនការពង្រីកការវិនិយោគរបស់ខ្លួននេះ ក៏នឹងចូលរួមបញ្ចូលទាំងផែនការសម្រាប់សាងសង់រោងចក្រផលិតបន្ទះឈីបថ្មីចំនួនបី កន្លែងវេចខ្ចប់ទំនើបចំនួនពីរ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏សំខាន់មួយ ផងដែរ។

ហើយសម្រាប់ការចំណាយលើការវិនិយោគចំនួន ១០០ពាន់លានដុល្លារនេះ ត្រូវបានក្រុមហ៊ុនរំពឹងទុកថាអាចនឹងជួយជំរុញដល់ផលិតកម្មក្នុងស្រុក និងធ្វើឲ្យសហរដ្ឋអាមេរិកមិនសូវពឹងផ្អែកលើឧបករណ៍អេឡិចត្រូនិកដែលផលិតកន្លែងផ្សេងទៀត ជាពិសេសនៅតំបន់អាស៊ី។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន TSMC ហាក់មិនទាន់បានកំណត់ពីពេលវេលាច្បាស់លាស់សម្រាប់ការចាប់ផ្តើមគម្រោងវិនិយោគថ្មីរបស់ខ្លួននេះនៅឡើយនោះទេ ប៉ុន្តែបានបញ្ជាក់ថា ផែនការនេះ នឹងជួយបង្កើតការងារសំណង់សរុបចំនួន ៤០ ០០០ កន្លែង ក្នុងរយៈពេល ៤ឆ្នាំខាងមុខ៕