ខេត្តបាត់ដំបង ត្រូវបានក្លាយជាខេត្តទី១៧ របស់កម្ពុជា បន្ទាប់ពីបានប្រកាសទទួលស្គាល់ជាខេត្តឈ្នះជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ជាផ្លូវការ កាលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

នាឱកាសនោះ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញថា នៅទូទាំងខេត្តបាត់ដំបង មានស្រុកចំនួន១៣ និងក្រុង១, ឃុំចំនួន៩៣ និង១០សង្កាត់, និងភូមិចំនួន៨៤២ ដែលមានខ្នងផ្ទះសរុប ២៤៧ ៨៥៨ខ្នង មានគ្រួសារ ២៩៧ ២៥៥គ្រួសារ ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនស្មើនឹង ៩៥,៥៩%, ខ្នងផ្ទះប្រើបង្គន់រួម ស្មើនឹង ៤,៤១%, ខ្នងផ្ទះមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង១០០%, ខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិ ភាពស្មើនឹង១០០%, ខ្នងផ្ទះទុកដាក់សំណល់ខោលាមកកូនក្មេង លាមកសត្វ និងសំរាមមានរបៀបរៀបរយស្មើនឹង ១00%។
ជុំវិញរឿងនេះដែរ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងសាទរ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តបាត់ដំបងសម្រេចបាននាពេលនេះ។ ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ លោកថា ក្រសួង បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៦,០៩% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។
សូមជម្រាបជូនថា គិតមកដល់ពេលនេះ មានរាជធានី ខេត្តចំនួន ១៧ហើយ ដែលសម្រេចបានជារាជធានី-ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) ដែលខេត្តបាត់ដំបង ជាខេត្តទទួលបានជ័យលាភីទី ១៧៕ អត្ថបទ៖ ហ្សាលីន
