គម្រោងសាងសង់សណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាង៥០០លានដុល្លារ គ្រោងបញ្ចប់៣ឆ្នាំទៀត

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងសាងសង់សណ្ឋាគារផ្កាយ ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមបណ្តោយទីលានសម្តេចតេជោ គ្រោងនឹងបញ្ចប់នៅជាង៣ឆ្នាំទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះមានទុនវិនិយោគ ៥៧៤ លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២៤ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។

នាថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៥ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញ បានចុះពិនិត្យគម្រោង ផឹនីនស្យ៊ូឡឺ បេ (Peninsula Bay) និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងគោលបំណងបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការថែទាំវិនិយោគក្នុងវិស័យទេសចរណ៍ អចលនទ្រព្យ និង ឧស្សាហកម្ម ស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ។

ការចុះពិនិត្យនេះ គឺជាសកម្មភាពមួយនៃភារកិច្ចស្នូលរបស់ក្រុមការងារ បន្ទាប់ពីការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសជូនវិនិយោគិន និងធុរជន ដែលស្នើសុំ និងអនុវត្តគម្រោងក្នុងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ ក្នុងគោលដៅតាមដាន និង ជំរុញការអនុវត្តគម្រោង និង ស្តាប់សំណូមពរ និងបញ្ហាប្រឈមនានា ពីអ្នកអនុវត្ត និងវិនិយោគិន ។

ទីតាំងគម្រោងមានទំហំ ១៥៨ ៦៣៣ ម៉ែត្រការ៉េ សម្រាប់បម្រើដល់ការសាងសង់សណ្ឋាគារផ្កាយ ៥ ចំនួន ២ ៨៧០ បន្ទប់, សួនទឹកកម្សាន្ត និង សាលប្រជុំខ្នាតធំ, ផ្សារទំនើប, អគារពាណិជ្ជកម្មចំនួន ៥ កម្ពស់ ៣២ ជាន់ និង អគារស្នាក់នៅរួម ចំនួន ៤ អគារ កម្ពស់ ៣២ ជាន់ ។

គម្រោងនេះមានសកម្មភាពសាងសង់សស្រាក់សស្រាំ លឿន និងអាចបញ្ចប់តាមការគ្រោងទុក, ហើយជាមួយនេះ ក្រុមហ៊ុនកំពុងរៀបចំផែនការពង្រីកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញទីតាំងគម្រោងបន្ថែមទៀត ខណៈដែលម្ចាស់គម្រោងមានទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល ដែលបានផ្តល់ការគាំទ្រ និង ការសម្របសម្រួល និងជួយដោះស្រាយបញ្ហាប្រឈមបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជាពិសេស ការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ៕