ADB ផ្តល់ជំនួយ៧លានដុល្លារ សាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤

សង្គម​ និង​សេដ្ឋកិច្ច

អនុគម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែមីនានេះ ដោយគម្រោងនេះជាគម្រោងក្រោមជំនួយពីADB ដែលចំណាយថវិកាប្រមាណជា៧លានដុល្លារ។នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកការដ្ឋានសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ បានធ្វើឡើងក្រោមអធិបតី ហេង សុថា អភិបាលរងខេត្តក្រចេះ និងលោក  ពូ ម៉ានិត អគ្គនាយករង តំណាងលោកអនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីតំណាងទីប្រឹក្សាបច្ចេកទេសរបស់ ADB ផងដែរ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

លោក ពូ ម៉ានិត បានឱ្យដឹងថា គោលបំណងនៃការការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងក្នុងក្រចេះ គឺដើម្បីរំដោះទឹកភ្លៀងពីក្រុង ការពារការជន់លិច ក្នុងរដូវវស្សា ហើយប្រព័ន្ធនេះជួយបញ្ជៀសការលិចលង់ក្នុងក្រុង លើកកម្ពស់អនាម័យសុខភាព និងជីវភាពប្រជាជន ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូល ។

លោកបន្តថា  ការងារសាងសង់បណ្ដាញលូ និងស្ថានីយបូមទឹកភ្លៀងនេះ គឺ១)-ការសាងសង់អគារស្ថានីយបូមមួយកន្លែង មានទំហំ ១៦.៧ម៉ែត្រx៣០ម៉ែត្រ ២)-មានសំណង់ម៉ាត់ឈ្នាងបង្ហូរទឹកចេញពីស្ថានីយទំហំ១៣.៤ម៉ែត្រx១៨.៥ម៉ែត្រ ៣)-មានបំពាក់ម៉ាស៊ីនបូមទឹកចំនួន៣ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០៣៨០ ម៉ែត្រគូបក្នុងមួយម៉ោង ៤)-ផ្លូវបេតុងចូលស្ថានីយប្រវែង១១០ម៉ែត្រ ទទឹងផ្លូវ៧.៥ម៉ែត្រ ៥)-សាងសង់នូវបណ្ដាញលូបេតុងប្រអប់មេ ប្រវែង១១២៣ម៉ែត្រ ៦)-សាងសង់បណ្ដាញលូប្រមូលទឹក តភ្ជាប់ជាមួយបណ្ដាញលូចាស់ប្រវែង ៤៩៦ម៉ែត្រ ៧)-សាងសង់ប្រឡាយទឹករៀបថ្ម ទំហំទទឹងបាត្រប្រឡាយ១.៥ម៉ែត្រ ជម្រៅ៣ម៉ែត្រ ប្រវែង២២០ម៉ែត្រ ។

លោក ហេង សុថា អភិបាលរងខេត្តក្រចេះ បានគូសបញ្ជាក់ផងដែរថា ដោយមានជំនួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះទទួលបានទីលានទុកដាក់សំរាមក្រុងក្រចេះ ដែលបានសាងសង់រួចរាល់, គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងក្រចេះដែលកំពុងបើកការដ្ឋានសាងសង់, និងគម្រោងរៀបចំកែលម្អឡើងវិញនូវរង្វង់មូលព្រាបស ,អនុគម្រោងដាក់បង់អង្គុយ និងអំពូលភ្លើងប្រើពន្លឺសូឡាតាមមាត់ទន្លេ, គម្រោងរៀបចំកែលម្អឡើងវិញនូវរង្វង់មូលនាគបាញ់ទឹក និងរៀបចំទីកន្លែងសម្រាប់ហាត់ប្រាណ និងកន្លែងសម្រាប់ក្មេងលេងជាដើម ៕