រុស្ស៊ី និងមីយ៉ាន់ម៉ា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃអង្គារ ទី៤ ខែមីនា លើការសាងសង់រោងចក្រនុយក្លេអ៊ែរខ្នាតតូចមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុងមូស្គូ រវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
គួរឲ្យដឹងផងដែរថា រុស្ស៊ី និងមីយ៉ាន់ម៉ា ធ្លាប់បានពិភាក្សាគ្នាជាយូរមកហើយអំពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរអានុភាពតូចមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញដល់ការផ្តល់ថាមពលដែលមានតម្លៃថោក និងសុវត្ថិភាពដល់បរិស្ថាន នៅក្នុងប្រទេសនេះ។
ហើយយ៉ាងណាមិញ បន្ទាប់ពីមានកិច្ចប្រជុំកំពូលនេះ មេដឹកនាំប្រទេសទាំងពីរបានថ្លែងប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងបានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា កិច្ចព្រមព្រៀងមួយដែលស្តីពីការសាងសង់រោងចក្រនុយក្លេអ៊ែរ នៅមីយ៉ាន់ម៉ានោះ ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយ។
គួរឲ្យដឹងផងដែរថា រុស្ស៊ីបាននឹងកំពុងជួយដល់ប្រទេសមីយ៉ាន់ម៉ា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច ហើយថែមទាំងបានសម្តែងការគាំទ្រចំពោះការកែលម្អស្ថានភាពផ្ទៃក្នុងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍រួមមួយ ក៏បានគូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ សំដៅលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ផងដែរ។
ជម្រាបជូនថា កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងប្រមាណ ៤០% រហូតដល់ចំនួនប្រមាណ ២ពាន់លានដុល្លារ។ ប្រទេសទាំងពីរ បានត្រៀមខ្លួនរួចជាស្រេចផងដែរ ក្នុងការជំរុញពាណិជ្ជកម្មគ្នាទៅវិញទៅមក និងកំពុងសហការគ្នាក្នុងវិស័យកម្ចី និងហិរញ្ញវត្ថុ ដូចដែលបានលើកឡើងដោយប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន៕