លោក Zhang Hongchao និង Zhang Hongfu ដែលជាស្ថាបនិកក្រុមហ៊ុនលក់ភេសជ្ជៈខ្នាតយក្សរបស់ចិន Mixue Group ឥឡូវនេះមានទ្រព្យសម្បត្តិសរុបបញ្ជូលគ្នាដល់ទៅចំនួនជាង ៨ពាន់លានដុល្លារ ពោលគឺបានកើនឡើងលើសអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks លោក Howard Schultz ជាលើកដំបូង ផងដែរ។
យោងតាមទិន្នន័យទទួលបានពីសារព័ត៌មាននិយាយពីសេដ្ឋី Bloomberg បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Howard Schultz មានចំនួនត្រឹមតែជាង ៦ពាន់លានដុល្លារ ប៉ុណ្ណោះ។
គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងទ្រព្យសម្បត្តិដ៏ច្រើននេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Mixue បានចាប់ផ្តើមបោះផ្សាយលក់ IPO កាលពីថ្ងៃទី៣ ខែមីនា ដោយរៃអង្គាសទឹកប្រាក់បានរហួតដល់ទៅ ៤៤៤លានដុល្លារ និងជាការចុះបញ្ជីប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មានរបស់ហុងកុង។ ទន្ទឹមនឹងនេះ បងប្អូនត្រកូល Zhang ទាំងពីររូបនេះ គឺជាគ្រប់គ្រងភាគហ៊ុនប្រមាណ ៨២% នៃក្រុមហ៊ុន Mixue ដែលបានធ្វើឲ្យពួកគេក្លាយខ្លួនជាមហាសេដ្ឋីយ៉ាងឆាប់រហ័សបំផុត នៅក្នុងរយ:ពេលចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពី Bloomberg ។
ជម្រាបជូនថា យោងតាម Momentum Works បានបង្ហាញឲ្យដឹងថា Mixue ដែលមានហាងសរុបជាង ៤៥ ៣០០ នៅទូទាំងពិភពលោក បានវ៉ាដាច់ McDonald’s និង Starbucks ដើម្បីក្លាយជាសង្វាក់អាហារ និងភេសជ្ជៈដ៏ធំបំផុតរបស់ពិភពលោក ដោយផ្នែកទៅលើចំនួនហាង។
ក្រៅតែពីប្រទេសចិន ក្រុមហ៊ុន Mixue បានពង្រីកនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយក្នុងនោះប្រទេសឥណ្ឌូណេស៊ី និងវៀតណាម រួមចំណែកដល់ទៅ ៧០% នៃប្រាក់ចំណូលអន្តរជាតិរបស់ក្រុមហ៊ុនខ្នាតយក្សចិននេះ។ Mixue ផ្តល់ជូនតែ ភេសជ្ជៈផ្លែឈើ កាហ្វេ និងការ៉េម ជាមួយនឹងតម្លៃជាមធ្យមត្រឹមតែ ១ដុល្លារប៉ុណ្ណោះ៕