ធនាគារជាតិ និងសាជីវកម្មគ្រប់គ្រងទ្រព្យសកម្មកូរ៉េ ចុះMoUជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ

សង្គម​ និង​សេដ្ឋកិច្ច

លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងលោក Nam Ju Kwon ប្រធាន និងជានាយកប្រតិបត្តិធនាគារជាតិនៃកម្ពុជានិងសាជីវកម្មគ្រប់គ្រងទ្រព្យសកម្មកូរ៉េ (KAMCO)នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលរវាងស្ថាប័នទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍អនុវត្តន៍ជាក់ស្តែង និងចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងបញ្ហាឥណទានមិនដំណើរការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពធនាគារជាតិកម្ពុជា បានឱ្យដឹងថា MoU ផ្តោតទៅលើយន្តការនៃកិច្ចសហប្រតិបត្តិការតាមរយៈការផ្តល់ព័ត៌មានផ្នែកសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ដែលបានប្រកាសជាសាធារណៈ ការផ្លាស់ប្តូរឯកសារស្រាវជ្រាវនិងការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកនិងចែករំលែកបទពិសោធន៍ ជាដើម។

លោកទេសាភិបាលរង បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ មានគោលដៅលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងកូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។ ភាគី KAMCO ក៏បានបង្ហាញឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិនេះឱ្យកាន់តែល្អប្រសើរ សំដៅលើកកម្ពស់ផលប្រយោជន៍រួម។

ក្នុងឱកាសនោះដែរ លោកទេសាភិបាលរង ក៏បានជួបពិភាក្សាការងារជាមួយគណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ និងសាជីវកម្មធានាប្រាក់បញ្ញើកូរ៉េ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងស្ថាប័នទាំងពីរ ជាពិសេសលើការគាំទ្រការរៀបចំយន្តការកិច្ចការពារប្រាក់បញ្ញើនៅកម្ពុជា និងការកសាងសមត្ថភាពមន្ត្រី-បុគ្គលិកផងដែរ៕