គណៈប្រតិភូមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រុងហុងកុង (HKTDC) នាថ្ងៃទី៤ខែមីនា បានជួបពិភាក្សាការងារជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិភាក្សាអំពីកិច្ចសហការផ្នែកបច្ចេកវិទ្យា និងការគាំទ្រឧស្សាហកម្មកម្ពុជាក្នុងការពង្រីកឱកាសពាណិជ្ជកម្ម។

លោក ហែម វណ្ណឌី បានជម្រាបជូនអំពីតួនាទីរបស់ក្រសួងក្នុងការជំរុញនវានុវត្តន៍ និងការគាំទ្រឱ្យធុរកិច្ចទទួលជោគជ័យ។ លោកបានគូសបញ្ជាក់អំពីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល ដោយរំលេចជាឧទាហរណ៍អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងរីកចម្រើន ជាពិសេសភាពជឿនលឿននៃប្រព័ន្ធទូទាត់អេឡិចត្រូនិក។
លោក Ronald Ho នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងរបស់ HKTDC បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ននេះ ក្នុងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដើម្បីផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់ជំរុញនវានុវត្តន៍ និងកំណើននៃធុរកិច្ចថ្មី។
លោកបានបន្ថែមថា៖« បណ្តាញពាណិជ្ជកម្មដ៏ទូលំទូលាយរបស់ HKTDC អាចជួយឱ្យផលិតផលកម្ពុជាឈានជើងចូលក្នុងផ្សារពិភពលោកបានកាន់តែច្រើន»។
ឆ្លៀតក្នុងឱកាសនោះ លោក ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យ HKTDC ស្វែងរកឱកាសវិនិយោគលើដំណោះស្រាយបច្ចេកវិទ្យាដល់វិស័យសំខាន់ៗរបស់កម្ពុជាដែលកំពុងមានសក្តានុពលទាំងក្នុងក្របខ័ណ្ឌតម្រូវការក្នុងស្រុក ក៏ដូចជាទីផ្សារនាំចេញដែលកម្ពុជាមាន៕

