ក្រុមវិនិយោគិនចិនប្រមាណ ៥០ក្រុមហ៊ុន មកស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូនៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន ប្រទេសចិន រួមទាំងគណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ក្រុមហ៊ុន បានមកទស្សនកិច្ចស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជារបស់ គណៈប្រតិភូ ដឹកនាំដោយលោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ចំណងមិត្តភាព កម្ពុជា-ចិន ដ៏រឹងមាំស្អិតរមួតក្នុងនាមជាមិត្តដែកថែប។ លោកក៏បានជម្រាបជូនអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគ និងជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូវិនិយោគិនគួរតែសិក្សាពិនិត្យលទ្ធភាព រួមមាន៖ រោងចក្រឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ថាមពលបៃតង, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យអប់រំបណ្តុះបណ្តាល, វិស័យសុខាភិបាល, បច្ចេកវិទ្យាឌីជីថល, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។

ជាការឆ្លើយតប លោកស្រីអភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ បានជម្រាបដោយសង្ខេបអំពី ទីតាំងភូមិសាស្រ្តនៃក្រុងកឹងចូវ ព្រមទាំងសក្តានុពលនានាដែលជាភាពលេចធ្លោទាក់ទាញរបស់ទីក្រុង។ លោកស្រីក៏បានរំលេចជាពិសេសអំពី គម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ដែលត្រូវបានរំពឹងថានឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើ ផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើប។

សូមជម្រាបថា តាមរយៈជំនួបខាងលើមានក្រុមហ៊ុនមួយចំនួនបានធ្វើបទបង្ហាញអំពី ខ្សែច្រវ៉ាក់ផលិតកម្ម, បច្ចេកទេស, បច្ចេកវិទ្យា និងផលិតផលរបស់ខ្លួន ជូនដល់អង្គពិធីទាំងមូល ដើម្បីជាមូលដ្ឋានក្នុងការឈានទៅរកការចាប់ដៃសហការ ផ្គូផ្គងធុរកិច្ចជាមួយគ្នានាពេលអនាគតផងដែរ៕