សម្តេចធិបតី៖ កម្ពុជាគឺជាទីផ្សារគោលដៅដ៏មានសក្ដានុពលយ៉ាងខ្លាំងសម្រាប់វិនិយោគិន

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា គឺពិតជាគោលដៅវិនិយោគមួយដ៏ប្រពៃ បើធៀបនឹងគោលដៅដទៃនៅក្នុងតំបន់ ហេតុនេះ កម្ពុជាគឺជាទីផ្សារដ៏មានសក្ដានុពលយ៉ាងខ្លាំងសម្រាប់វិនិយោគិននៅក្នុងតំបន់ និងពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី​ បើក “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ( Cambodia-ASEAN Business Summit 2025 )” កាលថ្ងៃទី៦ មីនា ២០២៥។

នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា កម្ពុជាប្តេជ្ញាចិត្ត ក្នុងការជំរុញសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានភាពធន់ និរន្តរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង។ សម្ដេចធិបតី បានសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ឌីជីថល និងការសម្របសម្រួលពាណិជ្ជកម្ម ដែលជាកត្តាដ៏សំខាន់ជំរុញការធ្វើសមាហរណកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។

ទន្ទឹមគ្នានេះ សម្តេចថា កម្ពុជាគឺជាទីផ្សារដ៏មានសក្ដានុពលយ៉ាងខ្លាំងសម្រាប់វិនិយោគិននៅក្នុងតំបន់ និងពិភពលោក ស្របពេលដែលមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា មានកំណើនរហូតដល់ ៧% កាលពីមុនវិបត្តិកូវីដ-១៩ និងព្យាករណ៍ថា កើនឡើងដល់ ៦,៥% នៅឆ្នាំ២០២៥នេះ។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានរំលេចនូវសក្ដានុពល និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រធុរកិច្ច វិនិយោគ និងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ ឆ្លៀតឱកាសនោះ សម្តេចក៏បានលើកទឹកចិត្តឱ្យបណ្តាវិនិយោគិនបន្តពង្រឹងបេសកកម្មរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត សំដៅពង្រីកការវិនិយោគកាន់តែទូលាយ៕ អត្ថបទ៖ ហ្សាលីន