យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងពន្យារពេលលើកការដាក់ចេញពន្ធគយចំពោះការនាំចូលរថយន្តពីប្រទេសកាណាដា និងម៉ិកស៊ិក ក្នុងរយៈពេលមួយខែ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
យ៉ាងណាមិញ បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សដូចជា Ford, General Motors និង Stellantis មក លោក ត្រាំ ក៏បានយល់ព្រមផ្តល់ការពន្យារពេលជុំវិញការដាក់ចេញវិធានការពន្ធគយថ្មីទៅលើរថយន្ត ដើម្បីធានាបានថាក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំងបីរបស់សហរដ្ឋអាមេរិក នឹងមិនរងផលប៉ះពាល់ចំពោះផ្នែកហិរញ្ញវត្ថុរបស់ពួកគេឡើយ។
គួរឲ្យដឹងផងដែរថា ជុំវិញសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ផ្តើមដាក់ចេញពន្ធ ២៥% លើការនាំចូលទាំងអស់ពីកាណាដា និងម៉ិកស៊ិក ដែលជាប្រទេសនាំចេញរថយន្តធំជាងគេបំផុតទាំងពីរ មកកាន់ទឹកដីសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ លោកស្រី Leavitt បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៥ ខែមីនាថា ៖”ដោយតបតាមសំណើរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) លោកប្រធានាធិបតី កំពុងអនុញ្ញាតឲ្យពួកគេត្រូវបានលើកលែងពីពន្ធសម្រាប់រយៈពេលមួយខែ ដើម្បីជៀសវាងផលប៉ះពាល់ដល់សេដ្ឋកិច្ចណាមួយ” ។ គួរឲ្យដឹងថា USMCA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងបីដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពន្ធគយលើផលិតផលរបស់ម៉ិកស៊ិក និងកាណាដាផ្សេងទៀតទាំងអស់នៅតែត្រូវជាប់ពន្ធគយដដែល ប៉ុន្តែជាមួយគ្នានោះ លោកស្រី Leavitt បាននិយាយទៀតថាលោក ត្រាំ អាចនឹងពិចាណាក្នុងការលើកលែងពន្ធចំពោះទំនិញរបស់ប្រទេសទាំងពីរ ជាច្រើនប្រភេទទៀត៕