ចិន​ គ្រោងបង្កើនការ​នាំ​ចូលស្បៀងអាហារ​ពី​អឺរ៉ុប និងអាមេរិក​ឡាទីន ក្រោយដាក់ពន្ធសងសឹកអាមេរិក

អន្តរជាតិ

វិធានការពន្ធគយសងសឹកថ្មីរបស់ចិន ទៅលើទំនិញកសិកម្មរបស់អាមេរិក អាចនឹងធ្វើឲ្យមានការរៀបចំឡើងវិញនូវលំហូរពាណិជ្ជកម្មសកល ដែលជំរុញឲ្យប្រទេសនេះ អាចនឹងងាកចេញពីសហរដ្ឋអាមេរិក ជាមួយនឹងការបង្កើនការនាំចូលផលិតផលស្បៀងអាហារដូចជាសាច់ ទឹកដោះគោ និងធញ្ញជាតិ ពីបណ្តាប្រទេសនៅអាមេរិកឡាទីន អឺរ៉ុប និងប៉ាស៊ីហ្វិកជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



យ៉ាងណាមិញ យោងតាមមន្ត្រីឧស្សាហកម្មចិន និងក្រុមអ្នកវិភាគមួយចំនួន បាននិយាយថា ការដឹកជញ្ជូនផលិតផលស្បៀងអាហារទៅកាន់ប្រទេសចិន ពីប្រេស៊ីល ដែលជាអ្នកផ្គត់ផ្គង់សណ្តែកសៀងដ៏សំខាន់ ពីអូស្ត្រាលីដែលជាអ្នកនាំចេញស្រូវសាលីកំពូលគេ និងពីអឺរ៉ុប ដែលជាអ្នកផ្គត់ផ្គង់សសាច់ជ្រូកដ៏ធំនោះ អាចនឹងកើនឡើង នៅចំពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិក កាន់តែតានតឹងខ្លាំងឡើង។

គួរឲ្យដឹងផងដែរថា ប្រទេសចិន បានដាក់ចេញនូវវិធានការពន្ធគយសងសឹកយ៉ាងឆាប់រហ័សរបស់ខ្លួន កាលពីថ្ងៃអង្គារ ដោយប្រឆាំងនឹងពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ដោយបានប្រកាសដំឡើងចន្លោះពី ១០% ទៅ ១៥% សម្រាប់ការនាំចូលលើទំនិញកសិកម្មអាមេរិកដែលមានតម្លៃដល់ទៅ ២១ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ បើតាមលោក Pan Chenjun អ្នកវិភាគជាន់ខ្ពស់ផ្នែកប្រូតេអ៊ីនសត្វប្រចាំនៅ Rabobank ក្នុងទីក្រុងហុងកុង បាននិយាយថា ៖”ជុំវិញវិធានការពន្ធសងសឹកថ្មីនេះ អាចនឹងធ្វើឲ្យមានការប្តូរទិសដៅពាណិជ្ជកម្ម។ ផលិតផលសំខាន់ៗដែលនឹងត្រូវប៉ះពាល់ខ្លាំងជាងគេ គឺសាច់។ សម្រាប់សាច់ជ្រូក ប្រទេសចិន អាចនឹងទទួលបានការផ្គត់ផ្គង់បន្ថែមទៀតពីប្រទេសប្រេស៊ីល អេស្ប៉ាញ ហូឡង់ និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត”។

ជម្រាបជូនថា ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញកសិផលរបស់សហរដ្ឋអាមេរិក ជាមួយនឹងការនាំចូលដែលមានតម្លៃជិត ៣០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ។ ហើយសម្រាប់ការផ្លាស់ប្តូរណាមួយនៃលំហូរពាណិជ្ជកម្មអាចនឹងបង្កើតឱកាសថ្មីសម្រាប់អ្នកនាំចេញដែលជាដៃគូប្រជែងផ្សេងទៀត៕